(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (World Bank) នឹងបញ្ចេញទឹកប្រាក់ ២ពាន់លានដុល្លារអាមេរិកនៅចុងខែមេសានេះ សម្រាប់គាំទ្រការផ្តល់វ៉ាក់សាំងបង្ការ COVID-19 ដល់ប្រទេសកំពុងអភិវឌ្ឍចំនួន ៤០ នៅលើពិភពលោក។ នេះបើតាមការលើកឡើងដោយ នាយកចាត់ចែងប្រតិបត្តិការនៃធនាគារពិភពលោក លោក អាសែល វ៉ាន ត្រូតសិនប៊ឺក (Axel van Trotsenburg) ដកស្រង់ដោយ សារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។
កញ្ចប់ថវិកា ២ពាន់លានដុល្លារខាងលើនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាធំ ១២ពាន់លានដុល្លារ ដែលធនាគារពិភពលោកបានត្រៀមទុកជាស្រេច ដើម្បីគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំង ទៅដល់បណ្តាប្រទេសមានប្រាក់ចំណូលទាប និងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
បន្ថែមពីខាងលើនេះ ប្រធានធនាគារពិភពលោកលោក ដេវីដ ម៉ាលផាស (David Malpass) បានថ្លែងទៅកាន់ គណៈកម្មាធិការអភិវឌ្ឍរបស់ក្រុមអ្នកផ្តល់កម្ចី នៅធនាគារពិភពលោកថា យើងអាចនឹងបង្កើនការផ្តល់រហូតដល់ ៤ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីជួយទ្រទ្រង់វ៉ាក់សាំង ដល់ប្រទេសចំនួន ៥០ នៅពាក់កណ្តាលឆ្នាំ២០២១។
កន្លងមកនេះក្រុមអ្នកជំនាញសុខាភិបាល ទូទាំងពិភពលោកបានព្រមានថា ការធ្វើសង្គ្រាមប្រឆាំងវីរុសកូរ៉ូណាអាចនឹងត្រូវបរាជ័យ ប្រសិនបើប្រទេសកំពុងអភិវឌ្ឍ មិនទទួលវ៉ាក់សាំងគ្រប់គ្រាន់ទេនោះ។ ដោយឡែក អង្គការសុខភាពពិភពលោក (WHO) ក៏ធ្លាប់បានលើកឡើងផងដែរថា វ៉ាក់សាំងដែលមានស្រាប់ អាចនឹងលែងមានប្រសិទ្ធភាព ប្រសិនបើវីរុស (COVID-19) នៅតែបន្តរាតត្បាត ហើយបំប្លែងខ្លួនជាបន្តបន្ទាប់នោះ៕