(ហ្សឺណេវ) ៖ អង្គការសុខភាពពិភពលោក(WHO)បានថ្កោលទោសចំពោះគម្លាតរវាងប្រទេសអ្នកមាន និងអ្នកក្រក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយនិយាយថា រាប់សិបប្រទេសនៅលើពិភពលោកនៅតែមិនមានការការពារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានថា«នៅតែមានអតុល្យភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅក្នុងការចែកចាយវ៉ាក់សាំងសកល»។
លោកសង្កត់ធ្ងន់ថា ក្នុងចំណោមប្រទេសចំនួន ២២០ប្រទេសនិងតំបន់ មាន ១៩៤បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងហើយ ខណៈ ២៦ប្រទេសមិនទាន់បានចាប់ផ្តើមនៅឡើយទេ។
យោងតាមរបាយការណ៍សរុបរបស់ AFP បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៧២២លានដូសត្រូវបានប្រើប្រាស់នៅក្នុងតំបន់យ៉ាងតិចចំនួន ១៩៥នៅជុំវិញពិភពលោក។ ហើយប្រហែល ៤៩ភាគរយនៃដូសវ៉ាក់សាំងទាំងនោះ ត្រូវបានចាក់ជូនប្រជាជននៃប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ខណៈដែលប្រទេសទាំងនេះតំណាងប្រមាណ ១៦ភាគរយនៃចំនួនប្រជាជនពិភពលោក៕