(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ានៅថ្ងៃសុក្រ ទី០៩ ខែមេសានេះបានអះអាងថា ចលនាធ្វើបាតុកម្មប្រឆាំងនឹងរបបដឹកនាំរបស់ខ្លួន កំពុងតែចុះអន់ថយសន្ទុះទៅវិញហើយ ដោយសារតែប្រជាជនចង់បានសុខសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
ក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីណៃពិដោ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយថា បណ្តាក្រសួង -ស្ថាប័នរដ្ឋាភិបាល នឹងបន្តប្រតិបត្តិការពេញលេញឡើងវិញក្នុងពេលឆាប់ៗ ខណៈដែលចលនាបាតុកម្មបានចុះអន់ថយទៅវិញហើយ ដោយសារអ្វីដែលប្រជាជនចង់បានពិតប្រាកដ គឺសន្តិភាព។
យ៉ាងណាមិញ ក្នុងថ្ងៃដដែលនេះ បាតុករយ៉ាងហោច០៤នាក់ ត្រូវគេរាយការណ៍ថា បានស្លាប់ក្រោមការបង្រ្កាបរបស់កងកម្លាំងសន្តិសុខ នៅក្រុង Bago ក្បែរទីក្រុងរ៉ង់ហ្គូន។ យោងតាមក្រុមឃ្លាំមើលសិទ្ធមនុស្សនៅមីយ៉ាន់ម៉ា មកទល់ពេលនេះ មនុស្សសរុប៦១៤នាក់ហើយ ក្នុងនោះមានកុមារ៤៨នាក់ ត្រូវបានកងកម្លាំងសន្តិសុខសម្លាប់ គិតចាប់តាំងពីភាពវឹកវរបានផ្ទុះឡើង កាលពីខែកុម្ភៈ ហើយមនុស្សជាង ២,៨០០នាក់ទៀត កំពុងស្ថិតក្រោមការឃុំខ្លួន។
គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ ឯកអគ្គរាជទូត-រដ្ឋទូតនៃប្រទេសចំនួន១៨ ប្រចាំនៅមីយ៉ាន់ម៉ា បានសេចក្តីថ្លែងការណ៍រួមគ្នាមួយ អំពាវនាវឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសអាស៊ានមួយនេះ។ ទូតទាំងនោះ រួមមានដូចជា ទូតសហរដ្ឋអាមេរិក អង់គ្លេស សហភាពអឺរ៉ុប កាណាដា អូស្រ្តាលី នូវែលសេឡង់ កូរ៉េខាងត្បូង ស្វីស និងប្រទេសអឺរ៉ុបមួយចំនួនទៀត៕