(ឡុង)៖ ព្រះរាជវាំងបាកឃីងហាំ (Buckingham) នៃចក្រភពអង់គ្លេស បានប្រកាសឲ្យដឹងថា ព្រះអង្គម្ចាស់ ហ្វីលីព (Philip) ដែលត្រូវជាព្រះស្វាមីនៃម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី ២ បានសោយទិវង្គតហើយ ក្នុងជន្មាយុ ៩៩ព្រះវស្សា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ នាល្ងាចថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍ពីព្រះរាជវាំងបាកឃីងហាំ (Buckingham) បាននិយាយថា «វាជាការសោកស្តាយបំផុត ដែលព្រះមហាក្សត្រី Elizabeth ទីពីរ បានប្រកាសពីមរណភាពរបស់ព្រះស្វាមីជាទីស្រឡាញ់របស់ទ្រង់ គឺព្រះអង្គម្ចាស់ Philip»។
សេចក្តីថ្លែងការបានបន្ថែមថា «ព្រះអង្គម្ចាស់បានសោយទិវង្គតប្រកបដោយសន្តិភាពនាព្រឹកនេះនៅឯវិមាន Windsor Castle។ ព័ត៌មានបន្ថែមនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ ព្រះរាជវង្សានុវង្សសូមចូលរួមជាមួយប្រជាជននៅជុំវិញពិភពលោក ក្នុងការកាន់ទុក្ខចំពោះការបាត់បង់ព្រះអង្គម្ចាស់»។
ព្រះអង្គម្ចាស់ហ្វីលីពបានរៀបអភិសេកជាមួយម្ចាស់ក្សត្រី Elizabeth ទីពីរក្នុងឆ្នាំ ១៩៤៧ ពោល ០៥ឆ្នាំមុនពេលដែលទ្រង់បានក្លាយជាព្រះមហាក្សត្រីយានី និងជារាជវង្សានុវង្សដែលបានគ្រងរាជ្យយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស។
ទ្រង់បានចំណាយពេល ៤សប្តាហ៍នៅក្នុងមន្ទីរពេទ្យនៅដើមឆ្នាំនេះ ដើម្បីទទួលការព្យាបាលជំងឺឆ្លង និងទទួលការវះកាត់បេះដូង ប៉ុន្តែទ្រង់បានយាងត្រលប់ទៅព្រះរាជដំណាក់ Windsor Castle វិញនៅដើមខែមីនាកន្លងទៅ។
ការបង្ហាញព្រះកាយជាសាធារណៈចុងក្រោយរបស់ព្រះអង្គម្ចាស់ បានកើតឡើងកាលពីខែកក្កដាកន្លងទៅ នៅក្នុងពិធីយោធាមួយនៅឯវិមាន Windsor Castle ដែលជាវិមានរាជវាំងនៅភាគខាងលិច នៃទីក្រុងឡុងដ៍ជាកន្លែងដែលព្រះអង្គ និងព្រះមហាក្សត្រិយ៍បានគង់ ក្នុងកំឡុងពេលប្រទេសស្ថិតក្នុងវិធានការបិទខ្ទប់ប្រទេស។
ព្រះអង្គម្ចាស់បានប្រសូតនៅលើកោះកូហ្វូ នៃប្រទេសក្រិកនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ១៩២១៕