(ញូដេលី)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson នៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំងបង្ការ COVID-19 «ចាក់តែមួយដូស» របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
ព័ត៌មានខាងលើនេះ បានកើតឡើងដោយសារតែផ្នែកខ្លះនៃប្រទេសឥណ្ឌា កំពុងប្រឈមនឹងកង្វះខាតនៃការផ្គត់ផ្គង់វ៉ាក់សាំង ខណៈប្រទេសដែលមានប្រជាជនសរុបចំនួន ១.៣ពាន់លាននាក់មួយនេះ កំពុងតែប្រយុទ្ធប្រឆាំងនឹងរលកទី ២ នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ ទោះជាយ៉ាងណារដ្ឋាភិបាលឥណ្ឌាបាននិយាយថា មិនមានកង្វះខាតអ្វីនោះទេ ចំពោះវ៉ាក់សាំង។
កាសែត The Indian Express បានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson បានផ្ញើលិខិតមួយមកកាន់អង្គការគ្រប់គ្រងស្តង់ដារឱសថឥណ្ឌា (CDSCO) ថា «យើងនឹងដាក់ពាក្យស្នើសុំការអនុញ្ញាត ឱ្យមានការធ្វើតេស្តវ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌា ក្នុងពេលឆាប់ៗនេះ»។ ប៉ុន្តែ CDSCO មិនទាន់បានឆ្លើយតបភ្លាមៗ ទៅនឹងការស្នើសុំនេះទេ។
អ្នកតំណាងក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson បានគូសបញ្ជាក់តាមសារអេឡិចត្រូនិច ឬ Email ថា «យើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ជុំវិញគោលបំណងនៃការចាប់ផ្តើមការធ្វើតេស្ត បេក្ខភាពវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់យើង ដែលមានឈ្មោះសម្គាល់ថា ចេនសិន (Janssen) នៅក្នុងប្រទេសឥណ្ឌា»។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសឥណ្ឌាមានវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ នោះគឺវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងមួយទៀត គឺអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថក្នុងស្រុក ប៉ារ៉ាត់ បាយអូធិច (Bharat Biotech)។ ប្រទេសឥណ្ឌាក៏មានបេក្ខភាពវ៉ាក់សាំងផ្សេងទៀត ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្តផងដែរ រួមមានវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី និងវ៉ាក់សាំងដែលអភិវឌ្ឍឡើង ដោយក្រុមហ៊ុនផលិតឱសថក្នុងស្រុក ខាឌីឡា (Cadila)៕