(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញសេចក្ដីរាយការណ៍ពីសកម្មភាពកងទ័ពរុស្ស៊ីនៅឯតំបន់ព្រំដែន នៃប្រទេសអ៊ុយក្រែន។ អង្គការ NATO បានធានាចំពោះទីក្រុងកៀវថាបក្សសម្ព័ន្ធយោធាមួយនេះនឹងបន្តគាំទ្រអធិបតេយ្យភាព រួមទាំងបូរណភាពទឹកដីរបស់អ៊ុយក្រែន ខណៈបារាំង និងអាល្លឺម៉ង់ដែលជាអាជ្ញាកណ្ដាលផ្សះផ្សាជម្លោះរវាងទីក្រុងកៀវ និងទីក្រុងម៉ូស្គូនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនក៏បានសន្យា ដូចគ្នានេះដែរ។

សហរដ្ឋអាមេរិកដែលជាបងធំរបស់ NATO តាមរយៈលោកប្រធានាធិបតី ចូ បៃដិនបានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីសប្ដាហ៍មុនថាទីក្រុងវ៉ាស៊ីនតោននឹងបន្តគាំទ្រឥតងាករេលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ អ៊ុយក្រែន។ សេចក្ដីរាយការណ៍ពីការចល័តកងទ័ពរុស្ស៊ី រួមទាំងសព្វាវុធធុនធ្ងន់នៅតំបន់ប្រ៊ីយ៉ាន់ស្គ៍ (Bryansk), វ៉ូរ៉ូនែស (Voronezh) និងតំបន់រ៉ូស្ដូវ (Rostov) ព្រមទាំងតំបន់ឧបទ្វីបគ្រីមៀកើតមានឡើង ក្រោយភាពតានតឹងបានផ្ទុះឡើងជាថ្មី បន្ទាប់ពីលោក ហ្សេឡិនស្គី ដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តរបស់រុស្ស៊ីនៅក្នុងប្រទេស អ៊ុយក្រែន ក្នុងនោះមានទាំងមនុស្សជំនិតម្នាក់របស់លោក វ្ល៉ាឌីមៀ ពូទីន គឺលោក វិចទ័រ មេដវេដឈុគ (Viktor Medvedchuk)។

អ៊ុយក្រែន និងរុស្ស៊ីថែមទាំងចោទប្រកាន់គ្នាទៅវិញទៅមកទៀតផងពាក់ព័ន្ធនឹងការរំលោភបំពានលើបទឈប់បាញ់ នៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។ រុស្ស៊ី បានចោទអ៊ុយក្រែនថាជាអ្នកបង្ករឿងមុន រីឯអ៊ុយក្រែនវិញបានអះអាងថាទាហានរបស់ខ្លួនយ៉ាងហោច៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ កងកម្លាំងរុស្ស៊ី កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ ដែលនេះធ្វើឱ្យចំនួនទាហានអ៊ុយក្រែនស្លាប់កើនដល់ ១៩នាក់ត្រឹមដើមឆាំ្ន២០២១នេះ។

ឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ុយក្រែន និងកង្វល់របស់សហរដ្ឋអាមេរិក ក៏ដូចជាអង្គការ NATO អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថាសកម្មភាពរបស់កងទ័ពរុស្ស៊ីធ្វើឡើងនៅក្នុងទឹកដីរុស្ស៊ីតែប៉ុណ្ណោះ ហើយមិនមែនជាការគំរាមកំហែងលើប្រទេសណាមួយឡើយ។ ក៏ប៉ុន្តែ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់គឺលោក ឌីមីទ្រី កូហ្សាក់ (Dmitry Kozak) បានព្រមានត្រង់ៗថាទីក្រុងម៉ូស្គូអាចនឹងស្ថិតក្រោមស្ថានភាពបង្ខំឱ្យ ការពារពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ ដុនបាស (Donbass) ហើយបើមានជម្លោះទ្រង់ទ្រាយធំ នោះវានឹងក្លាយជាការចាប់ផ្ដើមនៃទីបញ្ចប់ របស់អ៊ុយក្រែនទាំងមូល។

*តើរុស្ស៊ីពិតជាចង់វាយលុកចូលអ៊ុយក្រែនមែនទេ?

ចម្លើយនៃសំណួរនេះដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន គេអាចឆ្លើយបានថា «ចង់ផង និងមិនចង់ផង»«ចង់»គឺនៅត្រង់ថាលោកពូទីនត្រូវបានគេមើលឃើញថា កំពុង ប្រើប្រាស់ជម្លោះជាមួយអ៊ុយក្រែនដើម្បីកេងចំណេញនយោបាយនៅក្នុងស្រុក។ និយាយពីនយោបាយនៅក្នុងស្រុក លោកពូទីននឹងត្រូវប្រឈមមុខនឹងការបោះឆ្នោតសភា នៅខែកញ្ញាខាងមុខនេះ តែមុនការបោះឆ្នោតមកដល់ប្រជាប្រិយភាពរបស់លោក និងទាំងគណបក្ស United Russia របស់លោកពូទីនធ្លាក់ចុះ ប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារតែបញ្ហាជាច្រើនដូចជាវិបត្តិសេដ្ឋកិច្ចបង្កឡើង COVID-19 និងបាតុកម្មតវ៉ាជុំវិញការចាប់ឃុំខ្លួនមេបក្សប្រឆាំងលោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny)។

លោក ភីតធើ ឌីកគីនសុន (Peter Dickinson) ជាអ្នកជំនាញផ្នែកអ៊ុយក្រែនមកពីវិទ្យាស្ថាន Atlantic Council បាននិយាយថាគេមិនអាចបដិសេធទាំងស្រុងឡើយ ចំពោះការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដោយលោកលើឧទាហរណ៍ព្រឹត្តិការណ៍កាលពីឆ្នាំ២០១៤ មកសំអាង។ លោក ភីតធើបានបញ្ជាក់ដូច្នេះថា៖ «កាលពី ឆ្នាំ២០១៤ គ្មាននរណាម្នាក់ជឿថាអ៊ុយក្រែន ឬតំបន់ភាគខាងកើតអ៊ុយក្រែនត្រូវបានឈ្លានពាននោះទេ តែទីបំផុតរឿងបែបនេះបានកើតឡើង...ដូច្នេះអ្នកមិនអាច បដិសេធទាំងស្រុងឡើយ»

តាក់តិចបង្វែរចំណាប់អារម្មណ៍ និងបង្កើនប្រជាប្រិយភាពក៏ធ្លាប់ត្រូវបានលោក ពូទីន អនុវត្តផងដែរនៅក្នុងសង្រ្គាមជាមួយប្រទេសហ្សកហ្ស៊ីកាលពីខែកញ្ញា ឆ្នាំ២០០៨ ដោយក្នុងរយៈពេល៥ថ្ងៃ ក្រោយរុស្ស៊ីឈ្នះក្នុងសង្គ្រាមយ៉ាងងាយស្រួល ប្រជាប្រិយភាពរបស់លោក ពូទីន ហក់ឡើងដល់៨៨ភាគរយ។ ប្រជាប្រិយភាពរបស់លោក ពូទីនក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៣មានតែ ៦៥ភាគរយប៉ុណ្ណោះ តែវាបានឡើងដល់ ៨១ភាគរយពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ បន្ទាប់ពីរុស្ស៊ីក្រសោប យកតំបន់ឧបទ្វីបគ្រីមៀពីអ៊ុយក្រែន។

តែទោះជាយ៉ាងក៏ដោយ លោក ពូទីនក៏ទំនងជាមិនចង់ឱ្យជម្លោះជាមួយអ៊ុយក្រែនផ្ទុះជាជម្លោះទ្រង់ទ្រាយធំនោះដែរ។ «មិនចង់» គឺដោយសារជម្លោះ ឬសង្គ្រាមជាមួយ អ៊ុយក្រែនដែលមានអាមេរិក និង NATO ជាខ្នងបង្អែកអាចនឹងក្លាយជាជម្លោះរុំារ៉ៃរយៈពេលវែង ហើយអាចនឹងធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ីជាមួយលោកខាងលិចត្រូវ កាត់ផ្ដាច់ទាំងស្រុង។ ជម្លោះបែបនេះរុស្ស៊ីមុខជាដឹងថាត្រូវចំណាយកងទ័ពច្រើន (មិនប្រើអាវុធនុយក្លេអ៊ែរ), ធនធានច្រើនសន្ធឹកសន្ធាប់ ហើយមានតែធ្វើឱ្យរុស្ស៊ី កាន់តែឯកោពីសហគមន៍អន្តរជាតិ។ តែរុស្ស៊ីអាចនឹងបើកដៃឱ្យក្រុមឧទ្ទាមផ្ដាច់ទឹកដីនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនដែលខ្លួនគាំទ្រធ្វើព្យុះធ្វើភ្លៀងជំនួសវិញ ក៏ថាបាន ហើយចាំលូកដៃតាមក្រោយធ្វើជាអ្នកដោះស្រាយបញ្ហា។

មួយវិញទៀត ចេញពីនយោបាយនៅក្នុងស្រុក លោក ពូទីនប្រហែលជាគ្រាន់តែចង់ប្រើប្រាស់ភាពតានតឹង ឬជម្លោះដែលស្ថិតនៅក្រោមការគ្រប់គ្រង ជាមួយអ៊ុយក្រែនត្រឹមតែដើម្បីធ្វើតេស្ដប្រតិកម្មរដ្ឋបាលអាមេរិករបស់លោក ចូ បៃដិន និងចង់ដាក់សម្ពាធឱ្យលោកខាងលិចត្រឡប់មករកតុចរចាបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ី។ អ្វីដែល រុស្ស៊ីបារម្ភនៅពេលនេះគឺទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច ជាពិសេសគឺទណ្ឌកម្មលើគម្រោងបំពង់ឧស្ម័ន Nord Stream 2 តែម្ដង ហើយរឹតតែបារម្ភនោះគឺថាបើរុស្ស៊ីធ្វើសកម្មភាពជ្រុលហួសហេតុពេក អ៊ុយក្រែនអាចនឹងមានហេតុផលពេញលេញដើម្បីបញ្ចុះបញ្ចូលឱ្យអង្គការ NATO ទទួលយកខ្លួនធ្វើជាសមាជិកពេញសិទ្ធិ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ធ្លាប់បានអះអាងថាការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការ NATO គឺជាមធ្យោបាយតែមួយគត់ដើម្បីបិទបញ្ចប់ជម្លោះនៅក្នុងតំបន់ភាគខាងកើតនៃប្រទេស។ ក៏ប៉ុន្តែ រាប់ឆ្នាំមកហើយ ទាំងសហរដ្ឋអាមេរិក និង NATO មិនទាន់ទទួលយកសំណើចូលជា សមាជិករបស់អ៊ុយក្រែនឡើយ ដោយសារតែខ្លាចរុស្ស៊ីអន់ចិត្ត៕

ប្រភព៖ Atlantic Council (ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១)