(ហុងកុង)៖ ទីក្រុងហុងកុងនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ខ្លួនបានស្នើទៅកាន់ក្រុមហ៊ុន AstraZeneca ឲ្យផ្អាកការប្រគល់វ៉ាក់សាំង COVID-19 សិន នៅចំពោះមុខការភ័យខ្លាចអំពីផលប៉ះពាល់របស់វា រួមនិងក្តីបារម្ភអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
ប្រមុខផ្នែកសុខាភិបាលរបស់ហុងកុង លោកស្រី សូហ្វីយ៉ា ចាន់ (Sophia Chan) បានប្រាប់ថា ហុងកុងបានស្នើឲ្យក្រុមហ៊ុន AstraZeneca កុំទាន់ប្រគល់វ៉ាក់សាំងតាមការគ្រោងទុកក្នុងឆ្នាំនេះ ព្រោះថាទីក្រុងនេះមិនចង់ឲ្យខ្ជះខ្ជាយវ៉ាក់សាំងទេ ខណៈសព្វថ្ងៃ ពិភពលោកកំពុងខ្វះខាតការផ្គត់ផ្គង់ស្រាប់។ លោកស្រី Chan បានបន្តថា ទន្ទឹមគ្នានេះហុងកុងក៏ផ្តោតចំណាប់អាម្មណ៍ជាសំខាន់ ទៅលើវ៉ាក់សាំងដទៃទៀត ដែលប្រហែលអាចមានប្រសិទ្ធភាពខ្លាំងជាង ក្នុងការទប់ទល់នឹងវីរុស COVID-19 បំប្លែងខ្លួនថ្មីៗផងដែរ។
មកទល់បច្ចុប្បន្ន ហុងកុងធានាបានការផ្គត់ផ្គង់វ៉ាក់សាំង ជាមួយបរិមាណល្អគួរសមសម្រាប់ប្រជាជន ៧.៥លាននាក់របស់ខ្លួន។ ហុងកុងបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង ៧.៥លានដូស ពីក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech និង ៧.៥លានដូសទៀត ពីក្រុមហ៊ុនចិន Sinovac ហើយក្រុមហ៊ុនទាំងពីរ ក៏បានចាប់ផ្តើមប្រគល់វ៉ាក់សាំងឲ្យហុងកុង ជាបណ្តើរៗរួចរាល់ហើយដែរ។
គួរបញ្ជាក់ថា ទីក្រុងហុងកុងបានសម្រេចដូចខាងលើ បន្ទាប់ទីភ្នាក់ងារឱសថអឺរ៉ុប បានប្រកាសក្នុងសប្តាហ៍នេះ វ៉ាក់សាំង AstraZeneca អាចបង្កឲ្យមានបញ្ហាកំណកឈាមដ៏សែនកម្របាន ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងនេះមួយចំនួន។ ដំណឹងនេះបានជំរុញឲ្យប្រទេសមួយចំនួនសម្រេចលែងចាក់វា ឲ្យមនុស្សស្ថិតក្នុងក្រុមអាយុមួយចំនួន៕