(ញូដេលី)៖ ពេលនេះអត្រាឆ្លង COVID-19 នៅក្នុងប្រទេសឥណ្ឌា បានលោតដល់កម្រិតអាក្រក់ថ្មីមួយទៀតហើយ ដោយមនុស្សសរុប ១៣១,៩៦៨នាក់ទៀតត្រូវបានគេរាយការណ៍ថា បានឆ្លងជំងឺ COVID-19 នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
វាគឺជាតួលេខខ្ពស់ថ្មីមួយទៀត ដែលប្រទេសឥណ្ឌាបានជួបប្រទះ និងជាថ្ងៃទី ៤ ហើយសម្រាប់ឥណ្ឌាដែលបានមើលឃើញករណីឆ្លង COVID-19 លើស ១សែននាក់ក្នុងមួយថ្ងៃ ដែលជាអត្រាឆ្លងខ្ពស់ជាងគេបំផុតក្នុងពិភពលោក សម្រាប់ប្រទេសដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់មួយនេះ។ សម្រាប់ថ្ងៃសុក្រដដែលនេះ អ្នកជំងឺចំនួន ៧៨០នាក់បន្ថែមទៀត ក៏ត្រូវបានប្រកាសថាស្លាប់ផងដែរ។
គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសឥណ្ឌា កើនឡើងដល់ ១៣,០៦០,៥៤២ករណី ក្នុងនោះមានអ្នកស្លាប់ ១៦៧,៦៤២នាក់ និងជាសះស្បើយឡើងវិញជិត ១២លាននាក់។ សម្រាប់តំបន់ដែលកំពុងរងគ្រោះដោយសារ COVID-19 ធ្ងន់ធ្ងរជាងគេបំផុតនោះគឺរដ្ឋ មហារ៉ាស្ត្រា (Maharashtra) ស្ថិតនៅភាគនិរតីប្រទេសឥណ្ឌា៕