(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា អ៉ីរ៉ង់បានដោះលែងកប៉ាល់ដឹកប្រេងកូរ៉េខាងត្បូងមួយគ្រឿង រួមជាមួយអ្នកគ្រប់គ្រងកប៉ាល់នោះវិញហើយ ក្រោយឃាត់ទុកចាប់តាំងតែពីខែមករា ដើមឆ្នាំនេះមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
បើតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសកូរ៉េខាងត្បូង ការដោះលែងនេះធ្វើឡើង បន្ទាប់ពីក្រុមនាវិកចំនួន១៩នាក់ របស់កប៉ាល់ MT Hankuk Chemi ត្រូវបានដោះលែងកាលពីថ្ងៃទី០២ ខែកុម្ភៈ។ ពេលក្រុមនាវិកទាំងនោះ ត្រូវបានដោះលែង អ្នកគ្រប់គ្រងបានបន្តស្ថិត នៅលើកប៉ាល់ដដែល ព្រោះមិនអាចចាកចោលវាបាន។ សេចក្តីថ្លែងការណ៍ដដែល បានឲ្យដឹងថា ទាំងក្រុមនាវិកនិងអ្នក គ្រប់គ្រង សុទ្ធតែត្រូវបានដោះលែង ក្នុងស្ថានភាពសុខភាពល្អធម្មតា និងស្ថានភាពកប៉ាល់ផ្ទាល់ ក៏យ៉ាងដូច្នោះដែរ។
គួរបញ្ជាក់ថា កាលពីដើមខែមករា ឆ្នាំ២០២១ យោធាអ៉ីរ៉ង់បានរឹបអូស កប៉ាល់ដឹកប្រេងកូរ៉េខាងត្បូងខាងលើ ដោយសារតែសង្ស័យថា បង្កការបំពុលលើបរិស្ថាន។ កប៉ាល់ MT Hankuk Chemi មានក្រុមការងារសរុបចំនួន២០នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង០៥នាក់ មីយ៉ាន់ម៉ា១១នាក់ ឥណ្ឌូណេស៉ី០២នាក់ និងវៀតណាម០២នាក់៕