(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមានលោកស្រី ជែន សាគី (Jen Psaki) បាននិយាយថារុស្ស៊ីបានដាក់ពង្រាយកងទ័ពទៅកាន់តំបន់ព្រំដែនភាគខាងកើតនៃ ប្រទេសអ៊ុយក្រែនច្រើនជាងពេលណាៗទាំងអស់ ចាប់តាំងពីឆ្នាំ២០១៤មក ហើយទីក្រុងវ៉ាក់ស៊ីនតោនពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះសកម្មភាពរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះសកម្មភាពរុស្ស៊ីនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទាំងការចល័តកងទ័ពរុស្ស៊ីនៅឯតំបន់ព្រំដែនអ៊ុយក្រែន»។ លោកស្រី បន្ថែមទៀតថារុស្ស៊ីបច្ចុប្បន្នបានចល័តកងទ័ពច្រើនជាងពេលណាៗទាំងអស់ចាប់តាំងពីឆ្នាំ២០១៤មក ខណៈកងទ័ពអ៊ុយក្រែន៥នាក់ត្រូវបានសម្លាប់កាលពីប៉ុន្មាន សប្ដាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ថា លោកស្រី ជែន សាគី មិនបានបញ្ជាក់ពីចំនួនកងទ័ពរុស្ស៊ីដែលកំពុងចល័តនៅតំបន់ព្រំដែនអ៊ុយក្រែននោះទេ។ ប៉ុន្តែ នេះគឺជាលើកដំបូងហើយដែល រដ្ឋបាលលោក ចូ បៃដិន បញ្ចេញប្រតិកម្មទៅនឹងការបង្កើនវត្តមានកងទ័ពរុស្ស៊ី៕