(រ៉ង់ហ្គូន)៖ ព័ត៌មានស្តីពីការកាត់ផ្ដាច់សេវាអ៊ីនធឺរណិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅៗហើយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ខណៈសេវាអ៊ីនធឺរណិតល្បឿនលឿន (Broadband) ដែលជាមធ្យោបាយស្របច្បាប់ចុងក្រោយបង្អស់សម្រាប់ប្រជាជនមីយ៉ាន់ម៉ាក្នុងការចូលប្រើ អ៊ីនធឺរណិត មិនអាចចូលដំណើរការបាននៅលើបណ្តាញមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
វាមិនច្បាស់ទេថាតើការកាត់ផ្ដាច់សេវាអ៊ីនធឺរណិតយ៉ាងហោចពីរបណ្ដាញ គឺបណ្តាញ MBT និង Infinite គឺជាការកាត់ផ្ដាច់បណ្តោះអាសន្ន ឬយ៉ាងណា។ បណ្ដាញ MBT បាននិយាយថា សេវាអ៊ីនធឺរណិតរបស់ខ្លួន ត្រូវបានបញ្ឈប់ដោយការកាត់ផ្តាច់ខ្សែរវាងទីក្រុង រ៉ង់ហ្គូន និងទីក្រុង មិនដាឡាយ (Mandalay) ដែលជាទីក្រុងធំ បំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែអ្នកប្រើប្រាស់អ៊ីនធឺរណិតបានត្អូញត្អែរនៅសប្តាហ៍ចុងក្រោយនេះថាមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំងនៃសេវាអ៊ីនធឺរណិត។
រដ្ឋាភិបាលយោធាបានកាត់ផ្ដាច់សេវាអ៊ីនធឺរណិតជាបណ្តើរៗ ចាប់តាំងពីរដ្ឋប្រហារ។ ជាដំបូងពួកគេបានបិទការចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គមយ៉ាងច្រើន ដូចជាបណ្ដាញទំនាក់ទំនងសង្គម Facebook ហើយបន្ទាប់មកបានកាត់ផ្ដាច់បណ្ដាញទូរស័ព្ទ ដែលជាមធ្យោបាយទូទៅបំផុតក្នុងការភ្ជាប់អ៊ីនធឺរណិត។ ប៉ុន្តែកាត់ផ្ដាច់ តែពេលយប់ប៉ុណ្ណោះ។ នៅពេលដែល របបយោធាបានបង្កើនការប្រើប្រាស់កម្លាំងប្រឆាំងនឹងក្រុមបាតុករ វាក៏បានផ្អាកការប្រើប្រាស់បណ្ដាញទូរស័ព្ទផងដែរ។
ការប្រើប្រាស់ទូរទស្សន៍ផ្កាយរណប ជាប្រភពព័ត៌មានក៏រងការគំរាមកំហែងរឹតត្បិតផងដែរ។ នៅទីក្រុងឡាពូតតា (Laputta) និងទីក្រុងដទៃទៀតនៅតំបន់ ដីសណ្ដអ៉ីរ៉ាវ៉ាដឌី (Irrawaddy Delta) ភាគនិរតីនៃទីក្រុង រ៉ង់ហ្គូន យានយន្តរបស់រដ្ឋាភិបាលក្នុងតំបន់បានប្រកាសលើឧបករណ៍បំពងសម្លេងថា វាលែងមានភាពស្របច្បាប់ក្នុងការប្រើប្រាស់ចានផ្កាយរណប... ហើយប៉ូលីសក៏បានឆ្មក់ចូលហាងលក់ចានផ្កាយរណបទាំងនោះ និងបានរឹបអូសយកទៅកាន់ប៉ុស្តិ៍ប៉ូលីស។
គួរបញ្ជាក់ថា ការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោត លោកស្រី អោង សាន ស៊ូជី បានបន្តរហូតដល់ ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទោះបីជាមានមនុស្ស១១នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខមួយថ្ងៃមុនក៏ដោយ។ បើតាមសមាគមផ្ដល់ជំនួយសម្រាប់ អ្នកទោសនយោបាយ (AAPP) យ៉ាងហោចណាស់ អ្នកតវ៉ា ៥៩៨នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ គិតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈកន្លងមកនេះ៕