Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអ៊ុយក្រែនធ្វើទស្សនកិច្ច នៅតំបន់ជម្លោះភាគកើត និងអំពាវនាវឲ្យប្រទេសលោកខាងលិចគាំទ្រ

08-04-2021 18:07

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើដំណើរទៅកាន់តំបន់ ដុនបាស (Donbas) ដែលស្ថិតនៅភាគខាងកើតប្រទេស ហើយជាកន្លែងដែលការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមកំពុងតានតឹងខ្លាំងឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

ការប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែន និងក្រុមឧទ្ទាម បានកើនឡើងកម្តៅគួរឲ្យបារម្ភ នៅប៉ុន្មានសប្តាហ៍ចុងក្រោយ។ នាថ្ងៃព្រហស្បតិ៍នេះ ខាងយោធាអ៊ុយក្រែនបានអះអាងថា ទាហានខ្លួនម្នាក់ទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនកងទ័ពសរុប ដែលបានបាត់បង់ជីវិតតែនៅក្នុងឆ្នាំ២០២១នេះ កើនឡើងដល់ ២៥នាក់ ខណៈពេញមួយឆ្នាំ២០២០ មានទាហានអ៊ុយក្រែនស្លាប់ ៥០នាក់។

បើតាមសេចក្តីថ្លែងការណ៍របស់ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន កំឡុងដំណើរទស្សនកិច្ចនាថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ Donbas លោក Zelensky ត្រូវគេរំពឹងថា នឹងចុះជួបផ្ទាល់ជាមួយកងទ័ពនៅជួរមុខ ដើម្បីជំរុញលើកទឹកចិត្តពួកគេ។ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានអំពាវនាវសុំការគាំទ្រ ពីសម្ព័ន្ធមិត្តលោកខាងលិចផងដែរ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាក្នុងជម្លោះនៅភាគខាងកើតអ៊ុយក្រែន ដែលផ្ទុះឡើងក្រោយរុស្ស៉ីកាត់យកតំបន់គ្រីមៀចូលគ្នាទឹកដីខ្លួនតាមរយៈការបោះឆ្នោតប្រជាមតិមួយកាលពីឆ្នាំ២០១៤នោះ បានថមថយកាលពីឆ្នាំមុន ស្របពេលដែលកិច្ចព្រមព្រៀងឈប់បាញ់គ្នាថ្មីមួយ បានចូលជាធរមាន។ ប៉ុន្តែចាប់តាំងពីចូលដល់ឆ្នាំ២០២១នេះ ការប៉ះទង្គិចគ្នាក៏បានចាប់ផ្តើមឡើងវិញ ដែលកើនឡើងតាមរយៈការផ្លោងគ្រាប់ ហើយភាគីទាំងសងខាង បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក៕