(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះបានសម្រេចចិត្តផ្អាកការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca សម្រាប់មនុស្សមានអាយុក្រោម ៦០ឆ្នាំ ដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាព បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មនុស្សវ័យក្មេងមួយចំនួនដែលបានចាក់វ៉ាក់សាំងនេះមានបញ្ហាកំណកឈាមក្នុងសសៃឈាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ការប្រកាសខាងលើរបស់អាជ្ញាធរសុខាភិបាលហ្វីលីពីនធ្វើឡើងចំពេលករណីឆ្លងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅតែស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភដែល បង្ខំឱ្យប្រជាជនច្រើនជាង ២៤លាននាក់ នៅក្នុងរដ្ឋធានីម៉ានីល និងខេត្តក្បែរត្រូវដាក់ឱ្យនៅក្រោមវិធានការ lockdown ឬហាមមិនឱ្យចេញពីផ្ទះ លើកលែងតែមានករណីចាំបាច់។

បណ្ដាប្រទេសអឺរ៉ុបជាច្រើនបានផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់មនុស្សវ័យក្មេង ឬមានអាយុក្រោម ៦០ឆ្នាំ ក្រោយមានសេចក្ដីរាយការណ៍ថា ក្រុមមនុស្សទាំងនេះមួយចំនួនមានបញ្ហាកំណកឈាម ក្រោយចាក់វ៉ាក់សាំងនេះ។ ដោយឡែក កាលពីថ្ងៃពុធម្សិលមិញ ទីភ្នាក់ងារឱសថអឺរ៉ុបក៏បានអះអាងពីការ រកឃើញនៃទំនាក់ទំនងរវាងបញ្ហាកំណកឈាម និងវ៉ាក់សាំង AstraZeneca ដែរ តែទីភ្នាក់ងារនេះនៅតែបញ្ជាក់ដដែលថាវ៉ាក់សាំងអង់គ្លេសមានគុណសម្បត្តិ
ច្រើនជាងហានិភ័យ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) លោក Eric Domingo បានគូសបញ្ជាក់ ដូច្នេះថា៖ «ទោះបីជាយើងមិនទាន់ឃើញមានបញ្ហាបែបនេះកើតឡើងនៅក្នុងប្រទេសយើងក៏ដោយ តែ FDA សូមផ្ដល់អនុសាសន៍ឱ្យផ្អាកជាបណ្ដោះអាសន្ន ការប្រើប្រាស់វ៉ាក់សាំង (AstraZeneca) លើមនុស្សមានអាយុក្រោម ៦០ឆ្នាំ ខណៈយើងកំពុងរង់ចាំលទ្ធផលផ្ទៀងផ្ទាត់ពីអ្នកជំនាញរបស់យើង និងការណែនាំផ្លូវការពីអង្គការសុខភាពពិភពលោក WHO»

គួរបញ្ជាក់ថា ហ្វីលីពីនបច្ចុប្បន្នទទួលបានវ៉ាក់សាំង COVID-19 ចំនួន ២.៥លានដូស ក្នុងនោះភាគច្រើនជាវ៉ាក់សាំងចិន Sinovac។ ហ្វីលីពីនក៏ទទួលបាន វ៉ាក់សាំង AstraZeneca ចំនួន៥២៥,៦០០ដូស តាមរយៈកម្មវិធី COVAX ផងដែរដែលភាគច្រើនត្រូវបានចាក់រួចរាល់ ហើយគ្រោងនឹងទទួលបានវ៉ាក់សាំងនេះ ៣លានដូសបន្ថែមទៀតប៉ុន្មានខែខាងមុខនេះ៕