(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះថា នៅក្នុងឆ្នាំនេះខ្លួននឹងទទួលបានវ៉ាក់សាំងបង្ការ COVID-19 ពីក្រុមហ៊ុន AstraZeneca តែចំនួន ២០លានដូសប៉ុណ្ណោះ ខណៈការព្រមព្រៀងគ្នាពីមុនមកគឺរហូតដល់ ៥០លានដូស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីលោក ប៊ូទី ហ្គាណាទី (Budi Gunadi) បានគូសបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ចំនួន ៣០លានដូសទៀត នឹងត្រូវបញ្ជូនមកដល់ប្រទេសនេះនៅឆ្នាំ២០២២។ ការយឺតយ៉ាវក្នុងការទទួលបានវ៉ាក់សាំង AstraZeneca តាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) បានកើតមានឡើងក្រោយប្រទេសឥណ្ឌា សម្រេចផ្អាកការនាំចេញវ៉ាក់សាំងនេះមួយរយៈ ដើម្បីទប់ទល់ករណីឆ្លងយ៉ាងគំហុក នៅក្នុងប្រទេសដែលមានប្រជាជនជាង ១,៣០០លាននាក់នោះ។
គួរបញ្ជាក់់ថា ប្រទេសឥណ្ឌូណេស៊ីដែលមានប្រជាជនជាង ២៧៥លាននាក់ បានមើលឃើញករណីឆ្លង COVID-19 ជិត ៥,០០០នាក់ក្នុងមួយថ្ងៃ និងអ្នកជំងឺ ៨៧នាក់ទៀតស្លាប់កាលពីថ្ងៃពុធម្សិលមិញ។ គិតត្រឹមពេលនេះឥណ្ឌូណេស៊ីមានករណីឆ្លង COVID-19 សរុបជាង ១,៥០០,០០០ករណី ក្នុងនោះស្លាប់ជាង ៤២,០០០នាក់ និងជាសះស្បើយឡើងវិញជិត ១,៤០០,០០០នាក់។ បច្ចុប្បន្នឥណ្ឌូណេស៊ីកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ដោយប្រើប្រាស់វ៉ាក់សាំងចិន Sinovac និងវ៉ាក់សាំងអង់គ្លេស AstraZeneca ដែលត្រូវបានអនុម័តជាផ្លូវការ៕