(ប៉េកាំង)៖ ប្រទេសចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញការតវ៉ា និងប្រឆាំងយ៉ាងខ្លាំង ចំពោះការចល័តនាវាពិឃាតអាមេរិក ឆ្លងកាន់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ដែលជាច្រកសមុទ្រស្ថិតនៅចន្លោះចិនដីគោក និងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP។
អ្នកនាំពាក្យទីបញ្ជាការយោធាចិនភាគខាងកើតលោក ចាន ឈុនហ៊ុយ (Zhang Chunhui) បានលើកឡើងថា ចិនបានធ្វើការពិនិត្យ និងតាមដានទៅលើ នាវាពិឃាតអាមេរិកមួយគ្រឿងឈ្មោះ USS ចន ម៉ាខេន (USS John S McCain) ដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធម្សិលមិញនេះ។
អ្នកពាក្យយោធាចិនខាងលើបានចាត់ទុកថា ការចល័តនាវាពិឃាតរបស់សហរដ្ឋអាមេរិកពេលនេះ គឺជាការបញ្ជូនសញ្ញាខុសមួយ ទៅកាន់រដ្ឋាភិបាលកោះតៃវ៉ាន់ និងជាសកម្មភាពដែលបង្កការរំខាន ចំពោះស្ថានការណ៍ក្នុងតំបន់ តាមរយៈចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាពនៅតាមច្រកសមុទ្រតៃវ៉ាន់។
ជាការឆ្លើយតប សហរដ្ឋអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លីមួយ ទៅកាន់ចិនវិញថា ការចល័តរបស់នាវាពិឃាត USS John S McCain ឆ្លងកាត់តាមច្រកសមុទ្រកោះតៃវ៉ាន់កាលពីថ្ងៃទី០៧ ខែមេសា គឺត្រូវបានធ្វើឡើងនៅលើដែនសមុទ្រអន្តរជាតិ និងស្របទៅតាមច្បាប់អន្តរជាតិផងដែរ៕