(ព្រុចសែល)៖ វិសមភាពយេនឌ័របានក្លាយជាបញ្ហាដ៏សំខាន់មួយ នៅថ្ងៃពុធសប្ដាហ៍នេះក្នុងទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្សិក ពោលគឺមួយថ្ងៃបន្ទាប់ពីលោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) ដែលជានាយកប្រតិបត្តិដ៏មានឥទ្ធិពលបំផុតរបស់សហភាពអ៊ឺរ៉ុប (EU) ត្រូវបានគេចាត់ទុកដូចជាមន្ត្រីជាន់ខ្ពស់ថ្នាក់ទី ២ ក្នុងកំឡុងពេលបំពេញទស្សនកិច្ច នៅទីក្រុងអង់ការ៉ា (Ankara) ប្រទេសតួកគី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។
ប្រធានគណៈកម្មការអ៊ឺរ៉ុប លោកស្រី Von der Leyen និងប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក ឆាល មីឈែល (Charles Michel) បានធ្វើទស្សនកិច្ចនៅប្រទេសតួកគី កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) ដោយផ្តោតសំខាន់លើទំនាក់ទំនងអ៊ឺរ៉ុប និងតួកគី។
បន្ទាប់ពីថ្នាក់នាំ EU ខាងលើនេះ ត្រូវបានអញ្ជើញឲ្យមកកាន់បន្ទប់ធំមួយ ដើម្បីពិភាក្សាជាមួយលោក Erdogan រូបភាពទូរទស្សន៍បានបង្ហាញថា មានតែកៅអីពីរប៉ុណ្ណោះដែលត្រូវបានគេដាក់នៅមុខទង់សហភាពអ៊ឺរ៉ុប និងទង់ប្រទេសតួកគីសម្រាប់ស្វាគមន៍មេដឹកនាំទាំងបី ទៅតាមបែបបទនៃពិធីការ។
លោក Michel និងលោក Erdogan បានអង្គុយលើកៅអី ខណៈលោកស្រី von der Leyen បានឈរមើលបុរសទាំងពីរ ដោយបង្ហាញពីភាពងឿងឆ្ងល់ជាមួយពាក្យ «ហ៊ឺម ឬ ehm» និងកាយវិការបង្ហាញពីការខកចិត្តរបស់លោកស្រីផងដែរ មុននឹងអង្គុយចុះ។
ជុំវិញបញ្ហានេះ លោក អេរិក ម៉េមើរ (Eric Mamer) អ្នកនាំពាក្យគណៈកម្មការអ៊ឺរ៉ុបបានលើកឡើងថា «អ្វីដែលសំខាន់នោះ គឺប្រធានគណៈកម្មការអ៊ឺរ៉ុប គួរតែត្រូវបានរៀបចំឲ្យអង្គុយ យ៉ាងត្រឹមត្រូវស្មើឋានៈទៅនឹងប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប និងប្រធានាធិបតីតួកគីដែរ... លោកស្រី Von der Leyen មានការភ្ញាក់ផ្អើលចំពោះការរៀបចំនេះ»។ បើតាមប្រភពពីសហភាពអ៊ឺរ៉ុប កិច្ចប្រជុំរវាងមេដឹកនាំទាំងបី មានរយៈពេលជាង ២ម៉ោងកន្លះ៕