(ញូដេលី)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា ខ្លួនត្រូវការជំនួយហិរញ្ញទានពីរដ្ឋាភិបាលឥណ្ឌា ស្របពេលដែលការនាំចេញវ៉ាក់សាំង COVID-19 ទៅក្រៅ ត្រូវបានរឹតត្បិត ហើយតម្រូវការក្នុងស្រុកផ្ទាល់ក៏កើនឡើងខ្ពស់ថែមទៀត ចំពោះការកើនឡើងយ៉ាងគំហុកសាជាថ្មី នៃករណីឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។
កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលឥណ្ឌាបានផ្អាកការនាំចេញវ៉ាក់សាំង AstraZeneca ដែលផលិតដោយក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា SII ខណៈដែលប្រទេសមានប្រជាជន១.៣ពាន់លាននាក់នេះ បាននិងកំពុងតែទទួលរងគ្រោះនូវ ការឆ្លងរាលដាលថ្មីផ្សេងទៀត ដែលមានសន្ទុះខ្លាំងក្លាជាងឆ្នាំមុនទៅទៀត។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងថ្មីៗនៅឥណ្ឌា បានលោតលើសពី១ម៉ឺននាក់ឯណោះ។
លោក Adar Poonawalla នាយកប្រតិបត្តិក្រុមហ៊ុន SII នៅថ្ងៃអង្គារម្សិលមិញ បាននិយាយថា ក្រុមហ៊ុនលោក ត្រូវការថវិកាបន្ថែមខ្ទង់ជាង ៤០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតវ៉ាក់សាំង ហើយក៏បានស្នើទៅកាន់រដ្ឋាភិបាល ដើម្បីសុំជំនួយហិរញ្ញទានផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន SII អាចផលិតវ៉ាក់សាំងរបស់ AstraZeneca ចំនួនជាង០២លានដូសក្នុងមួយថ្ងៃ ហើយកំពុងតែផ្គត់ផ្គង់ក្នុង តម្លៃយោគយល់មួយ គឺប្រហែល០២ដុល្លារប៉ុណ្ណោះក្នុងមួយដូស នៅក្នុងប្រទេសឥណ្ឌា ដែលវាតិចជាងឆ្ងាយ បើធៀបនឹងតម្លៃនាំចេញទៅក្រៅ៕