(តៃប៉ិ)៖ កោះតៃវ៉ាន់នឹងប្រយុទ្ធតស៊ូ រហូតដល់ដង្ហើមចុងក្រោយ ប្រសិនបើមានការវាយប្រហារណាមួយ ពីសំណាក់កងទ័ពចិន ខណៈសហរដ្ឋអាមេរិកបានព្រមានជាច្រើនដង អំពីគ្រោះថ្នាក់ដែលកោះតៃវ៉ាន់ អាចនឹងជួបប្រទះគ្រប់ពេល។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក ចូសិព វូ (Joseph Wu) បានថ្លែងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានមើលឃើញយ៉ាងច្បាស់ ពីគ្រោះថ្នាក់នៃការវាយប្រហាររបស់ចិន មកលើកោះតៃវ៉ាន់... ប៉ុន្តែយើងនឹងការពារខ្លួនឯង ហើយយើងនឹងប្រយុទ្ធតស៊ូក្នុងសង្រ្គាម បើសិនជាវាតម្រូវឱ្យយើងធ្វើដូច្នេះ។ យើងនឹងប្រយុទ្ធតស៊ូ រហូតដល់ដង្ហើមចុងក្រោយ»។ លោក Joseph Wu បានបន្ថែមទៀតថា ប្រឈមមុខនឹងការគំរាមកំហែងពីចិន តៃវ៉ាន់នឹងពង្រឹងការអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួនតាមរយៈការបង្កើនការចំណាយ លើកញ្ចប់ថវិកាយោធាជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា ប្រតិកកម្មរបស់លោក Joseph Wu កើតមានឡើង បន្ទាប់ពីកងទ័ពជើងទឹកចិនបានប្រកាស នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ក្រុមនាវាដឹកយន្តហោះចម្បាំង របស់ខ្លួនកំពុងធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ហើយសមយុទ្ធបែបនេះនឹងត្រូវធ្វើឡើងជាប្រចាំ។ ប្រទេសចិនតែងតែចាត់ទុកជានិច្ចថា កោះតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួន ដោយយោងលើគោលនយោបាយចិនតែមួយ។ ជារឿយៗចិនតែងតែអំពាវនាវឲ្យកោះតៃវ៉ាន់ រួបរួមគ្នាជាមួយចិនដោយសន្តិវិធី និងបានព្រមានផងដែរថា «សង្គ្រាមនឹងផ្ទុះឡើង» ប្រសិនបើមានកម្លាំងពីខាងក្រៅណាមួយ ហ៊ានចូលមកកាត់ផ្តាច់កោះតៃវ៉ាន់ចេញពីចិននោះ៕