(ញូដេលី)៖ គ្មានសញ្ញាធូរស្រាលបន្តិចឡើយ ដោយពេលនេះឥណ្ឌាទើបតែបានប្រកាស រកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ១១៥,៧៣៦នាក់ទៀត នៅក្នុងពេល២៤ម៉ោង ដែលជាតួលេខខ្ពស់ថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យថ្មីខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ១២,៨០១,៧៨៥នាក់ ក្នុងនោះមានអ្នកស្លាប់សរុប ១៦៦,១៧៧នាក់ (៦៣០នាក់បន្ថែមទៀត ទើបត្រូវបានប្រកាសនៅថ្ងៃពុធនេះ)។ ដោយឡែកមនុស្សសរុបជាង ១១,៧៩២,០០០នាក់បានជាះស្បើយឡើងវិញផងដែរ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ប្រទេសឥណ្ឌាបានមើលឃើញ អត្រាឆ្លងជំងឺ COVID-19 កើនឡើងយ៉ាងគំហុកជាថ្មី និងខ្លាំងក្លាជាងកាលពីឆ្នាំ២០២០ទៅទៀត។ កាលពីខែមករា ឆ្នាំ២០២១ ឥណ្ឌាបានមើលឃើញភាពធូរស្រាលច្រើន ដោយសារតែអត្រាឆ្លង COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះមកនៅក្រោម ១០,០០០ករណី ប៉ុន្តែរំលងផុតតែពីរខែប៉ុណ្ណោះ តួលេខបានកើនលើសមុនគុណនឹង ១០។
បច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌា កំពុងតែបង្កើនការធ្វើតេស្តរក COVID-19 យ៉ាងសកម្ម ដោយគិតត្រឹមដើមសប្តាហ៍នេះ មានការធ្វើតេស្តចំនួន ២៥១លានដងហើយ ត្រូវបានធ្វើទៅលើប្រជាជនទូទាំងប្រទេស៕