(វីយ្យែន)៖ អ៉ីរ៉ង់ និងបណ្ដាប្រទេសមហាអំណាចដែលនៅតែជាភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ បានហៅកិច្ចពិភាក្សាក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស នៅថ្ងៃអង្គារសប្ដាហ៍នេះ «ប្រកបដោយលក្ខណៈស្ថាបនា» ហើយបានឯកភាពគ្នាថានឹងបង្កើតក្រុមការងារមួយដើម្បីពិភាក្សាបន្តពីទណ្ឌកម្មអាមេរិក និងការត្រលប់មកអនុវត្ត តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។
កិច្ចពិភាក្សាខាងលើដែលមានគោលបំណងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឡើងវិញ ធ្វើឡើងនៅក្នុងទីក្រុងវីយ្យែន ដោយមានការចូលរួមពីអ្នកតំណាងអ៉ីរ៉ង់ ចិន រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអង់គ្លេស ខណៈសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងកិច្ចពិភាក្សានេះឡើយ។ តែទោះជាគ្មានវត្តមានអាមេរិក កិច្ចភាក្សានេះត្រូវបានអ៉ីរ៉ង់ និងប្រទេស មហាអំណាចដែលបន្តជាភាគីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ចាត់ទុកថាធ្វើឡើងប្រកដោយលក្ខណៈស្ថាបនា។ «កិច្ចពិភាក្សាក្នុងទីក្រុងវីយ្យែនគឺមានលក្ខណៈស្ថាបនា... ហើយ កិច្ចពិភាក្សារបស់យើងនៅពេលបន្ទាប់ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ»។ នេះគឺជាការគូសបញ្ជាក់របស់អ្នកតំណាងអ៉ីរ៉ង់ លោក អាបាស់ អារ៉ាកឈី (Abbas Araghchi) ស្របពេលអ្នកតំណាងផ្សេងទៀត ក៏បានបង្ហាញពីគំនិតសុទិដ្ឋិនិយមចំពោះកិច្ចពិភាក្សានេះដែរ។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ កាលពីឆ្នាំ២០១៨ ដោយចោទថា ទីក្រុងតេហេរ៉ង់ថាមិនបានអនុវត្តតាមកិច្ចព្រមព្រៀងនេះ។ តាំងពីពេលនោះមកដែរ អ៉ីរ៉ង់បានចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៉ុយរ៉ាញ៉ូម ដែលបង្កឱ្យមានការព្រួយបារម្ភថា សារធាតុអ៊ុយរ៉ាញ៉ូមទាំងនេះអាចនឹងត្រូវប្រើប្រាស់ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។
ដោយឡែក កិច្ចពិភាក្សាខាងលើកើតមានឡើងបន្ទាប់ពីរដ្ឋបាលអាមេរិកថ្មីរបស់លោក ចូ បៃដិន និងទីក្រុងតេហេរ៉ង់បានបង្ហាញពីចេតនាត្រឡប់មកអនុវត្តតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឡើងវិញ តែពួកគេសុទ្ធតែដាក់លក្ខខណ្ឌដាក់គ្នាទៅវិញទៅមក។ សហរដ្ឋអាមេរិកតម្រូវឱ្យអ៉ីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញូម រីឯអ៉ីរ៉ង់ទាមទារឱ្យលោក បៃដិន ដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ដែលនៅសល់ពីជំនាន់លោក ដូណាល់ ត្រាំជាមុនសិន៕