(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃពុធនេះបាននិយាយថា ប្រទេសអូស្រ្តាលី បានស្នើទៅកាន់សហភាពអ៊ឺរ៉ុប (EU) ឲ្យបញ្ចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca សរុបជាង៣លានដូស ដែលប្រទេសលោកបានបញ្ជាទិញ ហើយត្រូវមកដល់កាលពីចុងខែមីនា បន្ទាប់ពី EU បានបដិសេធថា មិនបានរឹតត្បិតការនាំចេញវ៉ាក់សាំងមកអូស្រ្តាលីឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។
លោក Morrison បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋធានីកង់បេរ៉ា (Canberra) ថា «ប្រសិនបើវាពិតជាជំហររបស់សហភាពអ៊ឺរ៉ុបមែន នោះយើងនឹងលើកទឹកចិត្តពួកគេបញ្ចេញវ៉ាក់សាំងជាង០៣លានដូស ដែលយើងបានបញ្ជាទិញ»។ កម្មវិធីចាក់វ៉ាក់សាំងរបស់អូស្រ្តាលី បានចាប់ផ្តើមយឺតជាងបណ្ដាប្រទេសមួយចំនួន ដោយសារតែមានចំនួនករណីឆ្លងទាប ប៉ុន្តែការរាំងស្ទះនៃវ៉ាក់សាំង AstraZeneca កំពុងធ្វើប្រទេសនេះពិបាកក្នុងការបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ប្រជាជនអូស្រ្តាលីតែប្រហែល ៦៧០,០០០នាក់ប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូង ដោយវាខុសពីគោលដៅដំបូងរបស់ប្រទេសអូស្រ្តាលី ដែលមានគោលបំណង ចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ឲ្យបានចំនួន ៤លាននាក់នៅចុងខែមីនា៕