(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦២,២៨៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩០៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,៥៦០,៤៣៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៧០,២៦០នាក់ និងជាសះស្បើយឡើងសរុប ២៤,១២២,២២១នាក់។
គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ប្រជាជនខ្លួនបានជាង ១៦៧លានដូស ដោយក្នុងនោះ ១០៧.៥លាននាក់បានទទួលការចាក់យ៉ាងហោចណាស់១ដូស និងជាង ៦២លាននាក់ទទួលបានការចាក់គ្រប់ដូស។ សម្រាប់រយៈពេល ០៣ថ្ងៃមកនេះ សហរដ្ឋអាមេរិកបានសម្រេចលទ្ធផល លើសគោលដៅរបស់ខ្លួន នោះគឺបានចាក់វ៉ាក់សាំងរហូតដល់ជាង ៣លានដូសឯណោះក្នុងមួយថ្ងៃជូនដល់ប្រជាជន។
ដោយឡែកនៅក្នុងឱកាសនៃពិធីបុណ្យ អ៉ីស្តឺរ (Easter) លោកប្រធានាធិបតី ចូ បៃដិន បានធ្វើការបួងសួង ឲ្យពលរដ្ឋអាមេរិកាំងទាំងអស់ ជួបតែសំណាងល្អ ហើយលោក និងជំទាវទី១អាមេរិក ជីល បៃដិន (Jill Biden) ក៏មិនភ្លេចលើកទឹកចិត្តឲ្យពលរដ្ឋទាំងឡាយ ទៅទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ជាកាតព្វកិច្ចផ្នែកសីលធម៌ ដែលគ្រប់គ្នាគួរធ្វើផងដែរ៕