(សៅ ប៉ូឡូ)៖ ក្រសួងសុខាភិបាលប្រេស៊ីលបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយសារ COVID-19 លើស៤,០០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែលជា តួលេខអ្នកស្លាប់ច្រើនបំផុតជាលើកដំបូងមិនធ្លាប់មានគិតចាប់តាំងពីការផ្ទុះជំងឺឆ្លងរាតត្បាតដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។
បើតាមក្រសួងសុខាភិបាលប្រេស៊ីល ពេញមួយថ្ងៃអង្គារម្សិលមិញ អ្នកជំងឺ COVID-19 ចំនួន ៤,២១១នាក់បានស្លាប់ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់៣៣៧,៣៦៤នាក់។ ក្នុង រយៈពេលដូចគ្នា អ្នកឆ្លងថ្មីចំនួន ៨២,៨៦៩នាក់ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ១៣,១០៦,០៥៨នាក់ ខណៈ១១,៥៥៨,៧៨៤នាក់ជាសះស្បើយ ឡើងវិញ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រេស៊ីលគឺជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕