(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក(WHO) បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមិនគាំទ្រចំពោះការធ្វើលិខិតឆ្លងដែនវ៉ាក់សាំងសម្រាប់ការធ្វើដំណើរនោះទេ ដោយសារតែភាពមិនប្រាកដប្រជាព នៃប្រសិទ្ធភាពវ៉ាក់សាំង ព្រមទាំងការព្រួយបារម្ភពីកត្តាសមធម៌ នៃការចែកចាយវ៉ាក់សាំងផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។
លោកស្រី Margaret Harris អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកមានប្រសាសន៍យ៉ាងដូច្នេះថា «យើងក្នុងនាមជាអង្គការសុខភាពពិភពលោកនៅដំណាក់កាលនេះ យើងមិនចង់ឃើញលិខិតឆ្លងដែនចាក់វ៉ាក់សាំង ក្លាយជាតម្រូវការសម្រាប់ការចូលឬចេញនោះទេ ពីព្រោះយើងមិនទាន់ច្បាស់ទេថាតើវ៉ាក់សាំងអាចទប់ស្កាត់ការចម្លងបានប៉ុណ្ណានោះ»។
មិនតែប៉ុណ្ណោះ លោកស្រីលើកឡើងថា «មានបញ្ហាផ្សេងទៀតក្រៅពីបញ្ហានៃការរើសអើងប្រឆាំងនឹងមនុស្សមួយចំនួន ដែលមិនមានលទ្ធភាពចាក់វ៉ាក់សាំងសម្រាប់ហេតុផលណាមួយ»។
លោកស្រី Harris បានបន្ថែមថា អង្គការសុខភាពពិភពលោករំពឹងថា នឹងពិនិត្យមើលលើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិនចំនួនគឺវ៉ាក់សាំង Sinopharm និង Sinovac សម្រាប់ការចុះបញ្ជីឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់នៅចុងខែមេសានេះ។ ប៉ុន្តែទោះយ៉ាងណា លោកស្រីសង្កត់ធ្ងន់ថា «ជួនកាលវាមិនលឿនដូចអ្វីដែលយើងសង្ឈឹមនោះទេ ពីព្រោះយើងត្រូវការទិន្នន័យបន្ថែមទៀត»៕