(ប៊ែលក្រេត)៖ ការដឹកបញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ពីប្រទេសចិន ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅកាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយនាយករដ្ឋមន្រ្តីស៊ែប៊ី លោកស្រី អេណា ប៊ឺណាប៊ិច (Ana Brnabic)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។
លោកស្រី Brnabic ត្រូវបានអមដំណើរដោយ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស៊ែប៊ី លោក ឈិន ប៉ូ (Chen Bo) នៅឯអាកាសយានដ្ឋានអន្តរជាតិ នីកូឡា តេស្លា (Nikola Tesla) ក្នុងទីក្រុង ប៊ែលក្រេត (Belgrade) ដើម្បីទទួលវ៉ាក់សាំង។
លោកស្រី Brnabic បានលើកឡើងថា «ការចែកចាយនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ នូវភាពជាដៃគូជាមួយប្រទេសចិន ដែលក្រុមហ៊ុនផលិតឱសថចិន Sinopharm បានឆ្លើយតបទៅនឹងតម្រូវការរបស់យើង និងបានជួយជំរុញឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំង ដ៏ធំនៅក្នុងប្រទេសស៊ែប៊ី។ ប្រទេសស៊ែប៊ីមានគោលបំណងចាក់វ៉ាក់សាំង ជូនប្រជាជនពេញវ័យរបស់ខ្លួនសម្រាប់ដូសដំបូង ឱ្យបានប្រហែល ៤០ភាគរយនៅចុងខែមេសានេះ»។
ឯកអគ្គរដ្ឋទូតចិន លោក Chen Bo បានចង្អុលបង្ហាញថា ប្រទេសចិនក៏កំពុងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយ នៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ លោកស្រី Brnabic បានលើកឡើងបន្ថែមថា «ប្រទេសចិន គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក។ តម្រូវការក្នុងស្រុកសម្រាប់ការចាក់វ៉ាក់សាំង គឺមានច្រើនណាស់ ប៉ុន្តែយើងជឿជាក់ថា ប្រទេសទាំងអស់នៅលើពិភពលោក គឺជាសហគមន៍តែមួយដែលមានអនាគតរួមគ្នា»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers ស៊ែប៊ីដែលជាប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុប និងមានប្រជាជនសរុប ៨.៦លាននាក់ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៦២១,៣៧៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៤៩៧នាក់ និងអ្នកជាសះស្បើយ ៥២៦,១០០នាក់៕