(ប៉េកាំង)៖ នៅលើពិភពលោក តើប្រទេសណាមួយមានឋានៈខ្ពស់ជាងប្រទេសដទៃទៀត? ក្នុងក្រសែភ្នែករបស់ជនជាតិចិន ចម្លើយគឺអត់មានទេ! នាពេលថ្មីៗកន្លងទៅនេះ លោក វ៉ាង អ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនបានថែ្លងក្នុងពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មានថាប្រទេសចិនមិនទទួលស្គាល់ ថានៅលើពិភពលោក ប្រទេសណាមួយមានឋានៈខ្ពស់ជាងប្រទេសដទៃទៀត ហើយក៏មិនទទួលយកថារឿងនៅលើពិភពលោកសម្រេចដោយប្រទេសតែមួយ។
ប្រសិនបើចង់ធ្វើកិច្ចសន្ទនា នោះប្រទេសចិនស្វាគមន៍ក្នុងគ្រប់ពេលវេលា។ ប៉ុន្តែ កិច្ចសន្ទនាគួរតែធ្វើឡើងលើមូលដ្ឋានស្មើគ្នា និងមានអាកប្បកិរិយាគោរពគ្នាទៅវិញទៅមក។ ក្នុងនាមជាប្រទេសមួយដែលបាន និងកំពុងក្តាប់ជាប់អនុត្តរភាព សហរដ្ឋអាមេរិកមានទម្លាប់ជាយូរណាស់មកហើយឆក់យកផលប្រយោជន៍តាមរយៈការអនុវត្តអនុត្តរភាព។ បើមើលពីប្រវត្ដិសាស្ដ្រវិវឌ្ឍរីកចម្រើនរបស់សហរដ្ឋអាមេរិក អាចឃើញថានេះគឺជាប្រវត្ដិសាស្រ្តទន្រ្ទានកាន់កាប់ហ្នឹងឯង! ពួកគេមិនត្រឹមតែខំខំប្រឹងប្រែងអស់ពីសមត្ថភាព សិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏ខំផ្តាច់មុខនៅលើពិភពលោកក្នុងរយៈពេលជាយូរដើម្បីឆក់យកផលប្រយោជន៍។
អ្នកនយោបាយអាមេរិកមួយចំនួនសម្គាល់ឃើញថាការអភិវឌ្ឍរបស់ចិនបានបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍរបស់សហរដ្ឋអាមេរិក ហើយការងើបឡើងនៃប្រទេសចិន ក៏បានបង្កផលប៉ះពាល់ដល់អនុត្តរភាពរបស់សហរដ្ឋអាមេរិកផងដែរ។ ដូច្នេះពួកគេបានចោទប្រកាន់ប្រទេសចិនដោយគ្មានហេតុផលហើយនិយាយមួលបង្កាច់ និងទម្លាក់កំហុសតែផ្តេសផ្តាស លាបព័ណ៌គ្រប់បែបយ៉ាងទៅលើប្រទេសចិនជាបន្តបន្ទាប់។ យ៉ាងណាមិញ ហេតុអ្វីបានជាការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យសហរដ្ឋអាមេរិកដែលមានកម្លាំងចម្រុះជាតិដ៏ខ្លាំងក្លាបំផុតបែរជាក្លាយទៅជាប្រទេសដែលមានសភាពឆ្លងជំងឺដ៏សោកវេទនាបំផុត? ហេតុអ្វីបានជាក្នុងនាមជាប្រទេស ខ្លាំងក្លាបំផុតលើវិស័យវេជ្ជសាស្ត្រសហរដ្ឋអាមេរិកបែរជាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់ច្រើនជាងគេនៅលើពិភពលោក?
អ្នកណាអាចពន្យល់ពីមូលហេតុ? តាមពិតទៅ មិនបាច់ពន្យល់ទាល់តែសោះ ដោយសារមូលហេតុគឺ «ចង្កៀងបង្ហាញផ្លូវនៃប្រជាធិបតេយ្យ» របស់សហរដ្ឋអាមេរិក កំពុងមានភាពកាន់តែងងឹត ហើយប្រព័ន្ធប្រជាធិបតេយ្យ ប្រព័ន្ធប្រតិបត្តិការ និងសមត្ថភាពអភិបាលកិច្ចជាដើមមានភាពថមថយចុះ! គោលជំហររបស់ចិន គឺជាប់រហូតនិងជាក់ច្បាស់ពោលគឺប្រទេសចិនមិនចុះញ៉មជាដាច់ខាតប្រឈមមុខនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោលនិងការបង្ខិតបង្ខំអនុវត្តការដាក់ទណ្ឌកម្មទៅលើប្រទេសចិនដោយឯកតោភាគី និងខុសច្បាប់តាមរយៈពាក្យភូតកុហកនិងព័ត៌មានក្លែងក្លាយ។ ប្រទេសចិនឥតរួញរាទេពីព្រោះនៅពីក្រោយប្រទេសចិនមាន ប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសមធ្យមនិងតូចជាច្រើនដែលត្រូវការការគាំទ្រពីប្រទេសចិន។ ជាការពិតណាស់ ប្រទេសចិនក៏មានសិទ្ធិធ្វើការតបតវិញ ពីព្រោះប្រទេសចិន ចាំបាច់ត្រូវគាំពារអធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។
ប្រសិនបើចង់ធ្វើកិច្ចសហប្រតិបត្តិការ នោះប្រទេសចិនសម្តែងការស្វាគមន៍។ ប៉ុន្តែ ការធ្វើកិច្ចសហប្រតិបត្តិការត្រូវគិតពីការយកចិត្តទុកដាក់រឿងខ្លួន និងសម្រេចបាន នូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដែលមិនត្រូវដាក់លក្ខខណ្ឌដោយឯកតោភាគីទេ។ ប្រសិនបើចង់ធ្វើការប្រកួតប្រជែង ប្រទេសចិនក៏មិនគេចវេះទេ ប៉ុន្តែការធ្វើប្រកួតប្រជែងគួរតែលើមូលដ្ឋានសច្ចភាពនិងយុត្តិធម៌ ហើយនិងគោរពតាមក្បួនច្បាប់ទីផ្សារមិនត្រូវបង្កបង្កើតជាឧបសគ្គឬប្រើអំណាចផ្តាច់មុខឆក់យកសិទ្ធិ និងផលប្រយោជន៍នៃការអភិវឌ្ឍស្របច្បាប់របស់ប្រទេសផ្សេងទៀត។
ប្រសិនបើនៅតែចង់ធ្វើការតតាំងគ្នា នោះប្រទេសចិនក៏នឹងប្រឈមប្រកបដោយភាពអត់ធ្មត់និងមិនភិតភ័យ។ ជានិច្ចកាល ប្រទេសចិនជាប្រទេសមួយដែលសង្កត់ធ្ងន់ លើគោលការណ៍ការទូតពហុភាគីនិយម ហើយប្រកាន់ខ្ជាប់នូវគោលការណ៍និងគោលជំហរអន្តរជាតិស្តីពីការដោះស្រាយជម្លោះអន្តរជាតិ និងគាំពារពហុភាគីនិយមតាមរយៈ ធ្វើកិច្ចសម្របសម្រួលនិងសហការដោយស្មើភាព ក៏ដូចជាធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ។ ប្រឈមមុខនឹងស្ថានការណ៍ស្មុគស្មាញនាពេលបច្ចុប្បន្ន និងអនាគត ប្រទេសចិនមានសមត្ថភាពនិងទំនុកចិត្តគ្រប់គ្រាន់ ហើយការប៉ុនប៉ងរបស់ប្រទេសណាដែលចង់ «ធ្វើការសម្រេចដោយឯកតោភាគី» សុទ្ធតែជារឿងឥតប្រយោជន៍ជាដាច់ខាត៕