(វ៉ាស៊ីនតោន)៖ គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក មិនថានរណាធ្វើជាប្រធានាធិបតីនោះទេ ភាគច្រើនតែងតែពឹងផ្អែកទៅលើការដាក់ទណ្ឌកម្មដើម្បី ដោះស្រាយបញ្ហា។ ជាក់ស្ដែង ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកបានប៉ុន្មានខែផង លោក ចូ បៃដិនបានប្រកាសដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី និងមីយ៉ាន់ម៉ា ជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថាជាការពារតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅជុំវិញពិភពលោក។
កាលពីស.វទី២០ ការដាក់ទណ្ឌកម្មអាចជាវិធានការមួយមានប្រសិទ្ធភាព ព្រោះនៅពេលនោះសហរដ្ឋអាមេរិកជាមហាអំណាចទាំងយោធា និងសេដ្ឋកិច្ចផុតលេខដែល សឹងតែគ្មានគូប្រៀប។ ប៉ុន្តែបច្ចុប្បន្នមានមហាអំណាចជាច្រើនក្នុងនោះរួមមានទាំងចិនបានលេចមុខមាត់ឡើងនៅលើឆាកអន្តរជាតិ ហើយសូម្បីតែរដ្ឋបាលលោក ចូ បៃដិនក៏បានទទួលស្គាល់ដែរថា «ចិនជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក» នៅក្នុងស.វទី២១នេះ។
*អាមេរិកអ្នកដាក់ទណ្ឌកម្ម ចិនជាអ្នកប្រមូលផល
បើតាមក្រុមអ្នកជំនាញភូមិសាស្រ្តនយោបាយភាគច្រើន ការដាក់ទណ្ឌកម្មបានក្លាយជាគោលនយោបាយចាស់គំរិលហួសសម័យ និងលែងមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ អ្នកដែលចាំទទួលផលពីទណ្ឌកម្មអាមេរិកនោះគឺចិនតែម្ដង។ ផលដែលចិនទទួលបានពីទណ្ឌកម្មអាមេរិកបានស្ដែងចេញឡើងកាន់តែច្បាស់ ក្រោយចិន និងអ៉ីរ៉ង់ ចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររយៈពេល២៥ឆ្នាំ កាលពីប៉ុន្មានសប្ដាហ៍មុន។ នៅក្រោមកិច្ចព្រមព្រៀងនេះ ចិននឹងបង្កើនការវិនិយោគរបស់ខ្លួនទៅលើវិស័យសំខាន់ៗ ជាច្រើនរបស់អ៉ីរ៉ង់ ក្នុងនោះរួមមានទាំងការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងបង្កើតធនាគាររួមមួយដែលនឹងបើកដៃឱ្យទីក្រុងតេហរ៉ង់ខ្ចីលុយ និងធ្វើពាណិជ្ជកម្ម ដោយចាយលុយយ័នរបស់ចិន។
បន្ថែមពីលើនេះ នៅពេលសហរដ្ឋអាមេរិកបង្ខំឱ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្តដូចជាឥណ្ឌា និងជប៉ុនជាដើមចូលរួមជាមួយខ្លួនក្នុងការដាក់ទណ្ឌកម្មលើការនាំចូលប្រេងពី អ៉ីរ៉ង់ វាកាន់តែធ្វើឱ្យចិនទាញយកប្រយោជន៍កាន់តែច្រើនពីការដាក់ទណ្ឌកម្មនេះ តាមរយៈការបង្កើនការប្រមូលទិញប្រេងពីអ៉ីរ៉ង់ក្នុងតម្លៃទាប បើធៀបទៅនឹងស្ថានភាព ធម្មតា។ ចិនធ្លាប់បានអះអាងជាច្រើនលើកថាខ្លួនមិនមានបំណងបង្កើតបក្សសម្ព័ន្ធណាមួយដើម្បីប្រឆាំងនឹងប្រទេសណាមួយឡើយ។ ក៏ប៉ុន្តែទាញចេញពីមេរៀនអ៉ីរ៉ង់ ក្រុមអ្នករៀបចំគោលនយោបាយអាមេរិកមួយចំនួនកាន់តែបារម្ភខ្លាចក្រែងថាចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួន ដោយផ្ដល់ការគាំទ្រ ឬចុះកិច្ចព្រមព្រៀងនានាជាមួយបណ្ដា ប្រទេសផ្សេងទៀតដែលអាមេរិកបានដាក់ទណ្ឌកម្ម។
ក្រៅតែពីអ៉ីរ៉ង់ សូម្បីតែរុស្ស៊ី និងមីយ៉ាន់ម៉ាដែលកំពុងជាប់ ទណ្ឌកម្មរបស់អឺរ៉ុប និងអាមេរិកក៏ងាកទៅរកចិនកាន់តែខ្លាំងដែរ ដ្បិតពួកគេយល់ថាបច្ចុប្បន្នប្រទេសដែលមាន សមត្ថភាពជួយពួកគេទប់ទល់នឹងអាមេរិកបាន គឺមានតែចិនប៉ុណ្ណោះ។ និយាយឱ្យងាយស្ដាប់ នោះគឺថាទណ្ឌកម្មរបស់អាមេរិក ចង់ឬមិនចង់វានឹងបង្ខំឱ្យប្រទេសទាំងនេះ ឬប្រទេសដទៃដែលជាប់ទណ្ឌកម្មអាមេរិកនឹងស្វះស្វែងរកខ្នងបង្អែក ស្របពេលដែលចិនកំពុងត្រូវការបង្កើនសម្ព័ន្ធមិត្តស្រាប់ដើម្បីប្រឈមមុខនឹងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មគឺជាឧបករណ៍ការទូតដែលត្រូវបានគេសង្កេតឃើញថាអាមេរិកប្រើប្រាស់ជាទូទៅ នៅពេលត្រូវដោះស្រាយជាមួយប្រទេសទាំងឡាយណា ដែលមិនអាចវាយបក ឬដាក់ទណ្ឌកម្មធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍អាមេរិកវិញតែប៉ុណ្ណោះ។ រីឯក្រុមអ្នកជំនាញភាគច្រើនក៏យល់ដែរថាការដាក់ទណ្ឌកម្ម មិនមែនជាមធ្យោបាយមានប្រសិទ្ធភាពនោះទេ ហើយជាទម្លាប់អ្នកដែលរងគ្រោះពីទណ្ឌកម្មគឺជាប្រជាជនស៊ីវិលធម្មតា ពោលគឺមិនមែនជាមេដឹកនាំរបស់ពួកគេឡើយ។
ប្រភព៖ Nikkei (ថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១)