Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការយកជង្គង់សង្កត់កបុរសស្បែកខ្មៅ George Floyd គឺជាការរំលោភលើក្រមសីលធម៌ និងគុណតម្លៃរបស់ប៉ូលិស, នេះបើតាមសម្តីមេប៉ូលិសទីក្រុង Minneapolis ​(Video inside)

06-04-2021 09:37

(មីននាផូលីស)៖ អគ្គមេបញ្ជាការប៉ូលិសនៃទីក្រុង មីននាផូលីស (Minneapolis) លោក មេដារៀ អារ៉ាដុនដូ (Medaria Arradondo) នៅថ្ងៃចន្ទ ទី០៥ ខែមេសាបានផ្តល់សក្ខីកម្មថា មន្រ្តីប៉ូលិសស្បែកសម្នាក់គឺលោក ដេរិក ឆូវីន (Derek Chauvin) បានរំលោភលើគោលការណ៍បណ្តុះបណ្តាល និង «គុណតម្លៃ» របស់ស្ថាប័នប៉ូលិស ដោយបានយកជង្គង់សង្កត់ក បុរសស្បែកខ្មៅម្នាក់គឺលោក ចច ហ្វ្លយដ៍ (George Floyd) រហូតដល់ដាច់ខ្យល់ស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។

លោក Arradondo ដែលត្រូវបានគេហៅថា ជាសាក្សីនៅក្នុងការជំនុំជម្រះក្ដីរឿងឃាតកម្ម ប្រព្រឹត្តដោយលោក Chauvin បានគូសបញ្ជាក់ថា ការប្រើប្រាស់កម្លាំងប្រឆាំងនឹងលោក Floyd គឺសមហេតុផលក្នុងអំឡុងពេល «ប៉ុន្មានវិនាទីដំបូង» នៃការចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ប៉ុន្តែវាគួរតែត្រូវបានបញ្ឈប់ទៅវិញ យ៉ាងឆាប់រហ័សផងដែរ។

លោក Arradondo បានគូសបញ្ជាក់បន្ថែមថា «វាផ្ទុយនឹងការបណ្តុះបណ្តាលរបស់យើង ដែលយកជង្គង់របស់អ្នកសង្កត់ក និងដាក់ខ្នោះដៃមនុស្សដោយប្រើរយៈពេលយូរ គ្មានដែនកំណត់បែបនេះ។ វាមិនមែនជាផ្នែកនៃការបណ្តុះបណ្តាលរបស់យើងទេ ហើយវារឹតតែមិនមែនជាផ្នែកមួយនៃក្រមសីលធម៌ ឬគុណតម្លៃរបស់យើង។ នៅពេលដែលលោក Floyd ឈប់រើឈប់ប្រឆាំងហើយ ប្រាកដណាស់នៅពេលនោះ គាត់កំពុងមានគ្រោះថ្នាក់ ហើយបានព្យាយាមនិយាយ នោះពេលយើងបានលឺហើយ គួរតែបញ្ឈប់ភ្លាមៗ...»

លោក Chauvin អាយុ ៤៥ឆ្នាំ ជាជនជាតិស្បែកសត្រូវបានគេឃើញនៅក្នុងវីដេអូ ដែលបានថតដោយអ្នកឈរមើល បានយកជង្គង់សង្កត់ក និងដាក់ខ្នោះដៃបុរសជនជាតិស្បែកខ្មៅម្នាក់ គឺលោក Floyd អស់រយៈពេលជាង ០៩នាទី ខណៈបុរសជនជាតិស្បែកខ្មៅអាយុ ៤៦ឆ្នាំរូបនោះ បានអង្វរម្តងហើយម្តងទៀតថា «មិនអាចដកដង្ហើមបានទេ»

គួរបញ្ជាក់ថា លោក Arradondo អាយុ ៥៤ឆ្នាំ គឺជាអគ្គមេបញ្ជាការប៉ូលិសស្បែកខ្មៅដំបូងគេនៃទីក្រុង Minneapolis ដែលបានបណ្តេញលោក Chauvin និងមន្រ្តីប៉ូលិស ០៣នាក់ទៀតចេញពីតំណែង ក្រោយការបង្ខំចាប់ខ្លួនដែលនាំឱ្យលោក Floyd ស្លាប់នៅថ្ងៃបន្ទាប់ពីកើតឧប្បត្តិហេតុនោះ៕