Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ទីបំផុតលោក Pham Minh Chinh ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម ​(Video inside)

05-04-2021 16:46

(ហាណូយ)៖ នៅក្នុងសម័យប្រជុំសភាជាតិវៀតណាម ដែលបានប្រារព្ធឡើងនៅរសៀលថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចជ្រើសតាំងលោក ផាម មិញជិញ (Pham Minh Chinh) ជានាយករដ្ឋមន្ត្រីថ្មីហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីមុនគឺលោក ង្វៀន សួនហ្វ៊ុក ត្រូវបានជ្រើសតាំងឲ្យឡើងធ្វើជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

លោក ផាម មិញជិញ អាយុ ៦២ឆ្នាំបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី កាលពីវេលាម៉ោង ៣៖៥០នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងហាណូយ) ដើម្បីកាន់តំណែងរយៈពេល ០៥ឆ្នាំ។ នាយករដ្ឋមន្ត្រីថ្មីរូបនេះត្រូវបានគេមើលឃើញថា នឹងព្យាយាមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ឲ្យកាន់តែរីកចំរើនទៅមុខទៀត បើទោះបីជាពិភពលោកទាំងមូល កំពុងរងការរាតត្បាតដោយជំងឺ COVID-19 ក៏ដោយ។

គួរបញ្ជាក់ថា នៅថ្ងៃទី០៧ និងទី០៨ ខែមេសា ខាងមុខនេះ សភាជាតិវៀតណាមនឹងធ្វើការរំលាយរដ្ឋាភិបាលបច្ចុប្បន្ន ហើយបន្ទាប់មកទើបអនុម័តលើការតែងតាំង សមាជិកខ្លះៗនៃរដ្ឋាភិបាលថ្មី។ រដ្ឋាភិបាលវៀតណាមបច្ចុប្បន្ននេះមានសមាជិកសរុប ២៦រូប ក្នុងនោះមាន ០៤រូបជាឧបនាយករដ្ឋមន្ត្រី និង ២១រូបទៀតជារដ្ឋមន្ត្រី ព្រមទាំងប្រមុខស្ថាប័នមួយចំនួន៕