(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃចន្ទនេះបានប្ដឹងឧទ្ធរណ៍ប្រឆាំងសាលក្រមផ្ដន្ទាទោសរូបលោក ដាក់ពន្ធនាគារ១២ឆ្នាំ ពីបទពុករលួយមូលនិធិរដ្ឋ 1MDB រាប់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។
លោក ណាជីប មានអាយុ៦៧ឆ្នាំ និងដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រៅឃុំ បានធ្វើដំណើរទៅកាន់សាលាឧទ្ធរណ៍នៅថ្ងៃចន្ទនេះ ដើម្បីដាក់ពាក្យប្ដឹងជំទាស់ សាលក្រមកាត់ទោសរូបលោក។ ពេលទៅដល់សាលាឧទ្ធរណ៍ លោក ណាជីប មិនបានឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានឡើយ ខណៈមេធាវីការពារក្ដី របស់លោកច្រានចោល រាល់ការចោទប្រកាន់ប្រឆាំងនឹង អតីតនាយករដ្ឋមន្ត្រីរូបនេះ ដោយចាត់ទុកថាសវនាការ កាលពីឆ្នាំ២០២០គឺ អយុត្តិធម៌ និងគ្មានតម្លាភាព។
លោក ណាជីប រ៉ាហ្សាក់ ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើសជាច្រើនពាក់ព័ន្ធនឹងការរំលោភអំណាច, អំពើពុករលួយកិបកេងលុយរដ្ឋ 1MDB រាប់ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងលុយ ១០.១លានដុល្លារដែលគេដកចេញពីមូលនិធិនេះ ផ្ទេរចូលគណនីធនាគារផ្ទាល់ខ្លួនរបស់លោក។ ក្រៅតែពី ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១២ឆ្នាំ លោក ណាជីបក៏ត្រូវបានពិន័យជាប្រាក់ជិត ៥០លានដុល្លារផងដែរ។ ប៉ុន្តែលោក ណាជីប បានច្រានចោល ការចោទប្រកាន់ទាំងនេះ ហើយអះអាងថា លោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។
គួរបញ្ជាក់ថា សវនាការលើបណ្ដឹងឧទ្ធរណ៍របស់លោក ណាជីប នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី២២ ខែមេសានេះ ហើយបើសិនជាលោកចាញ់ នៅក្នុងបណ្ដឹងនេះ លោក ណាជីបនៅតែអាចបណ្ដឹងបន្តទៅកាន់ តុលាការកំពូលរបស់ម៉ាឡេស៊ី៕