(បាងកក)៖ នាយកដ្ឋានការពារ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ នៅថ្ងៃចន្ទនេះ បានរាយការណ៍ឱ្យដឹងថា ព្យុះផ្គររន្ទះ ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បានបំផ្លិញបំផ្លាញផ្ទះសម្បែងសរុបចំនួន៣,៨០០ខ្នង នៅក្នុងខេត្តចំនួន៣៤នៃប្រទេសថៃ ដោយមានស្រ្ដីម្នាក់ បានស្លាប់បាត់បង់ជីវិត និង០៥នាក់ផ្សេងទៀតបានរងរបួសផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។
បើតាមនាយកដ្ឋានការពារ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ ផ្ទះសម្បែងចំនួន២,៩០០ខ្នង បានរងការខូចខាតយ៉ាងខ្លាំង នៅក្នុងខេត្តចំនួន១១ នៅភាគខាងជើង ដែលក្នុងចំណោមនោះ ខេត្ត Pichit, Phitsanulok, Sukhothai និង Nan សុទ្ធតែជាខេត្តរងគ្រោះខ្លាំងបំផុត។ រីឯខេត្ត Nakhon Ratchasima ភាគឦសាន្ត ក៏បានរងការខូចខាតយ៉ាងខ្លាំងផងដែរ បន្ទាប់មានផ្ទះសម្បែង៣០០ខ្នងរងការខូចខាត ហើយបន្ទាប់មកទៀតគឺខេត្ត Surin។
ស្ត្រីម្នាក់នៅស្រុក Muang ខេត្ត Nan បានស្លាប់បាត់បង់ជីវិត ខណៈមែកឈើមួយបានបាក់រលំសង្កត់លើរថយន្តរបស់គាត់។ ចំណែកឯ ០៥នាក់ផ្សេងទៀត បានរងរបួសនៅខេត្ត Nan, Surin និង Pichit។
គួរបញ្ជាក់ថា តំបន់ភូមិភាគខាងជើងនៃប្រទេសថៃ បានរងការវាយប្រហារដោយសារព្យុះ ចាប់តាំងពីចុងខែមីនាមក ហើយនាយកដ្ឋានឧតុនិយមថៃ បានប្រកាសនៅថ្ងៃចន្ទនេះថា ស្ថានភាពអាកាសធាតុបែបនេះ នឹងបន្តរហូតដល់ថ្ងៃអង្គារស្អែក ៕