(វ៉ាស៊ីនតោន)៖ មន្ទីរឃុំឃាំងដ៏សម្ងាត់មួយនៃពន្ធនាគារយោធាអាមេរិក ហ្គាន់តាណាម៉ូ (Guantanamo) ត្រូវបានបិទទ្វារ ហើយអ្នកទោសត្រូវបានផ្ទេរទៅកាន់ មន្ទីរឃុំឃាំងដទៃនៃពន្ធនាគារមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

បើតាមទីបញ្ជាការយោធាអាមេរិកភាគខាងត្បូង អ្នកទោសក្នុងមន្ទីរឃុំឃាំង Camp 7 ត្រូវបានផ្ទេរទៅកាន់មន្ទីរឃុំឃាំង Camp 5 នៃពន្ធនាគារ Guantanamo ដោយ ការផ្ទេរនេះធ្វើឡើងប្រកបដោយសុវត្ថិភាព និងគ្មានបញ្ហាអ្វីកើតឡើងនោះទេ។ ប៉ុន្តែទីបញ្ជាការមួយនេះ មិនបានបញ្ជាក់ថា តើការផ្ទេរនេះធ្វើឡើងតាំងពីពេលណានោះឡើយ។ មន្ទីរឃុំឃាំង Camp 5 គឺជាមន្ទីរឃុំឃាំងមានទំហំធំទូលាយ និងស្ថិតនៅក្បែរមន្ទីរឃុំឃាំង Camp 6។

មន្ទីរឃុំឃាំង Camp 7 ត្រូវបានបើកទ្វារក្នុងខែធ្នូ ឆ្នាំ២០០៦ សម្រាប់ឃុំអ្នកទោសទាំងឡាយ ដែលពីមុនមកត្រូវបានឃុំខ្លួន នៅតាមបណ្តាញមន្ទីរឃុំឃាំងរបស់ចារកម្មអាមេរិក CIA ហៅថា Black Site ដែលត្រូវបានគេចោទថា ជាកន្លែងធ្វើទារុណកម្មយ៉ាងសាហាវលើអ្នកទោស ដែលអង្គការសិទិ្ធមនុស្សនានាចោទថា ជាទង្វើរំលោភពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា យោធាអាមេរិកធ្លាប់បានព្យាយាម អស់រយៈពេលយ៉ាងយូរ ក្នុងការបដិសេធវត្តមានមន្ទីរឃុំឃាំង Camp 7 នៅក្នុងពន្ធនាគារ Guantanamo ដែលស្ថិតនៅមូលដ្ឋានទ័ពជើងអាមេរិកអាមេរិក ក្នុងប្រទេសគុយបា ហើយមិនដែលអនុញ្ញាតឲ្យក្រុមអ្នកកាសែត ចូលមើល ក្នុងមន្ទីរឃុំឃាំងនោះឡើយ៕