(បាងកក)៖ អាជ្ញាធរគ្រប់គ្រងការរាតត្បាតជំងឺ COVID-19 នៅក្នុងប្រទេសថៃបានរាយការណ៍នៅថ្ងៃចន្ទនេះថា អ្នកឆ្លងជំងឺនេះសរុប ១៩៤នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺម្នាក់ផងដែរបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍ នារសៀលថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ១៨២នាក់ជាករណីឆ្លងក្នុងស្រុក និង ១២នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។ ចំនួនករណីឆ្លង ដែលត្រូវបានប្រកាសថ្ងៃចន្ទនេះ គឺបង្ហាញអំពីសន្ទុះកើនឡើងវិញខ្លាំង បន្ទាប់ពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់កាលពីសប្តាហ៍មុន ជាពិសេសនៅក្នុងខេត្ត សាមុន សាខន និងទីក្រុងបាងកកផ្ទាល់ ដែលតែងតែមានអ្នកឆ្លង COVID-19 ច្រើនករណីជាងគេជាប្រចាំថ្ងៃនោះ។

គួរបញ្ជាក់ថា ប្រទេសថៃពេលនេះមានអ្នកឆ្លង COVID-19 សរុប ២៩,៣២១ករណី ក្នុងនោះស្លាប់ ៩៥នាក់ និងជាសះស្បើយឡើងវិញ ២៧,៨៤០នាក់។ ទោះជាយ៉ាងណាកាលពីសប្តាហ៍មុន អាជ្ញាធរថៃបានចាត់ទុកថា ស្ថានការណ៍ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កំពុងស្ថិតក្នុងការគ្រប់គ្រងបានយ៉ាងល្អ ហើយការចាក់វ៉ាក់សាំងបង្ការជំងឺនេះ ទៅតាមគោលដៅសំខាន់ៗក៏កំពុងប្រព្រឹត្តទៅផងដែរ ជាពិសេសខេត្តភូកេត ដែលនឹងបើកចំហទ្វារទទួលភ្ញៀវទេសចរបរទេសឡើងវិញ តាមផែនការកំណត់នៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ៕