(សាន់សាល់វ៉ាឌ័រ)៖ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក ណាយីព ប៊ូគែល (Nayib Bukele) បានឲ្យដឹងថា ចិននឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១៥០,០០០ដូស ដើម្បីជួយប្រទេសលោកប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតជាសកលនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។
បើតាមលោក Bukele រូបលោកបានទទួលលិខិតមួយច្បាប់ពី ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ថាប្រទេសចិននឹងបរិច្ចាគវ៉ាក់សាំង COVID-19 ចំនួន ១៥០,០០០ដូសឲ្យប្រទេសអាមេរិកកណ្តាលមួយនេះ។ ក្រៅពីវ៉ាក់សាំងជាអំណោយរបស់រដ្ឋាភិបាលចិន រដ្ឋាភិបាលអែលសាល់វ៉ាឌ័រ ក៏បានទិញវ៉ាក់សាំង ០២លានដូសដាច់ដោយឡែកពីក្រុមហ៊ុនចិន Sinovac ផងដែរ។
អែលសាល់វ៉ាឌ័របានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់បង្ការជំងឺ COVID-19 នៅដំណាក់កាលដំបូងកាលពីថ្ងៃទី១៧ ខែកុម្ភៈ បន្ទាប់ពីទទួលបានវ៉ាក់សាំង Covishield ចំនួន ២០,០០០ដូសពីប្រទេសឥណ្ឌា។ Covishield ជាវ៉ាក់សាំង AstraZeneca ដែលផលិតនៅឥណ្ឌា។ ចំណែកកាលពីខែមីនា អែលសាល់វ៉ាឌ័រទទួលបានវ៉ាក់សាំងរបស់ AstraZeneca និង Pfizer-BioNTetch តាមរយៈយន្តការអន្តរជាតិ COVAX របស់ WHO។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលអែលសាល់វ៉ាឌ័រ គ្រោងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនឲ្យបាន ៤.៥លាននាក់ ក្នុងចំណោមប្រជាជនសរុបជាង ៦.៤លាននាក់។ គិតត្រឹមពេលនេះ អែលសាល់វ៉ាឌ័រមានអ្នកឆ្លង COVID-19 សរុបជាង ៦៤,៤០០ករណី ក្នុងនោះស្លាប់ជាង ២,០០០នាក់ និងជាសះស្បើយឡើងវិញជាង ៦១,៦០០នាក់៕