(ហ្សាការតា)៖ មនុស្សជាង ៧០នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារប្រទេសឥណ្ឌូណេស៊ី និងប្រទេសទីម័រខាងកើត ដែលស្ថិតនៅជិតខាងគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក រ៉ាទិត្យា ដ្យាទី (Raditya Djati) បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ក្នុងស្រុកថា «អ្នកស្លាប់សរុបមានចំនួន ៥៥នាក់ ប៉ុន្តែច្បាស់ណាស់ថា ចំនួននេះនឹងមានការផ្លាស់ប្តូរ ខណៈមនុស្ស ៤២នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ»។
ដោយឡែកសម្រាប់ប្រទេសទីម័រខាងកើតវិញ មនុស្សសរុប ២១នាក់បានបាត់បង់ជីវិត។ គ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានបំផ្លិចបំផ្លាញកោះជាច្រើន លាតសន្ធឹងពីកោះ ហ្វ្ល័រស៍ (Flores) នៃប្រទេសឥណ្ឌូណេស៊ី រហូតដល់ប្រទេសទីម័រខាងកើត ជាទីដែលផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានជន់លិច និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ៕