(ហាណូយ)៖ រដ្ឋសភាវៀតណាម នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានបោះឆ្នោតតែងតាំងលោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) ជាប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
លោក ង្វៀង សួនហ៊្វុក បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់វៀតណាម ក្នុងសំឡេងគាំទ្រ៩៧.៥ភាគរយ ហើយការបោះឆ្នោតនេះធ្វើឡើងក្នុងសម័យប្រជុំលើកទី១១ នៃសភានីតិកាលទី១៤។
លោក ង្វៀង សួនហ៊្វុកបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវៀតណាម កាលពីខែមេសា ឆ្នាំ២០១៦។ លោកត្រូវបានតែងតាំងជាសមាជិកមួយរូបនៃការិយាល័យនយោបាយ ទី១១ ទី១២ និងទី១៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម៕