(បាងកក)៖ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសថៃ លោក កាហ្ស៊ូយ៉ា ណាស៉ីដា (Kazuya Nashida) បានឆ្លងជំងឺ COVID-19 បំប្លែងថ្មី ហើយនៅថ្ងៃអាទិត្យនេះអាជ្ញាធរថៃ ក៏បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗចំនួនជិត១០០ករណីផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Nation Thailand នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១។
កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រសួងការបរទេសជប៉ុន បានប្រកាសនៅលើវែបសាយរបស់ខ្លួនថា លោក Nashida បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ហើយកំពុងតែទទួលការព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងបាងកក។ ចំណែកឯ បុគ្គលដែលពាក់ព័ន្ធជាមួយលោក ក៏បានតម្រូវឲ្យធ្វើចត្តាឡីស័កផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ អាជ្ញាធរថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗចំនួន៩៦នាក់ ក្នុងនោះ០៩ករណី ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ គិតត្រឹមថ្ងៃដដែល ករណីឆ្លងសរុបនៃ COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់២៩,១២៧នាក់ ក្នុងនោះមានអ្នកស្លាប់៩៥នាក់ និងជាសះស្បើយ២៧,៧៧៤នាក់៕