(ប៉ារីស)៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំង លោក ប៊្រូណូ លេម៊ែរ (Bruno Le Maire) បាននិយាយថា កំណើនសេដ្ឋកិច្ចបារាំងនឹងកើនឡើងត្រឹមតែ ០៥ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២១នេះ ស្របពេលដែលវិធានការបិទខ្ទប់ប្រទេស ត្រូវបានដាក់ចេញជាលើកទីបី ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១។

កន្លងទៅរដ្ឋាភិបាលបារាំងបានព្យាករថា កំណើនសេដ្ឋកិច្ចនៃប្រទេសខ្លួន នឹងកើនឡើងប្រហែល០៦ភាគរយ នៅក្នុងឆ្នាំ២០២១។ ទោះបី អត្រាព្យាករណ៍កំណើនសេដ្ឋកិច្ច ត្រូវបានបន្ថយចុះមកវិញក៏ដោយ លោក Le Maire បានបង្ហាញក្តីសង្ឃឹមថា វាច្បាស់ជាអាចលោតឡើងវិញ នៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា ឥឡូវនេះ សាលារៀននិងអាជីវកម្មមិនសូវចាំបាច់ទាំងប៉ុន្មាន នៅក្នុងប្រទេសបារាំង នឹងត្រូវបិទទ្វាររយៈពេល០៤សប្តាហ៍ បន្ទាប់ពីអត្រាឆ្លងរាលដាលនៃ COVID-19 បានស្ទុះឡើងនៅមួយរយៈចុងក្រោយនេះ ជាហេតុធ្វើឲ្យចំនួនអ្នកជំងឺក្នុងកន្លែងសង្រ្គោះបន្ទាន់ កើនឡើងខ្ពស់ទៅតាមនោះដែរ។

ចំណែកបារនិងភោជនីយដ្ឋាន គឺត្រូវបានបិទទ្វារជាច្រើនខែរួចស្រេចទៅហើយ ខណៈការធ្វើដំណើរទេសចរណ៍ គឺនៅគាំងមួយកន្លែង។ ប៉ុន្តែមិនដូចនៅពេលបារាំងបិទខ្ទប់ប្រទេស កាលពីលើកដំបូងបំផុត កាលពីមួយឆ្នាំមុននោះទេ គឺការងារសំណង់ និងផលិតកម្ម ស្ថិតក្នុងចំណោមអាជីវកម្ម ដែលនៅដំណើរការធម្មតា។ ក្រៅពីនេះ ដូចជាប្រទេសជាច្រើនទៀតនៅអឺរ៉ុបដែរ បារាំងបានចំណាយថវិការាប់ពាន់លានអឺរ៉ូ ដើម្បីជួយក្រុមហ៊ុនដែលរងការប៉ះពាល់ពីវិបត្តិ COVID-19៕