(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេបានសម្រេចចិត្តបន្តសុពលភាពនៃវិធានការបិទរដ្ឋធានីម៉ានីល និងខេត្តក្បែរខាងរយៈពេល មួយសប្ដាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យលោក ឌូតើតេ គឺលោក ហារី រ៉ូកេ (Harry Roque) វិធានការរឹតត្បិតនានា ក្នុងនោះរួមបញ្ចូលទាំងការហាមឃាត់ការធ្វើដំណើរដែល មិនមានភាពចាំបាច់, ការជួបជុំទ្រង់ទ្រាយធំ និងការទទួលទានអាហារនៅឯ ភោជនីយដ្ឋានជាដើមនឹងត្រូវបន្តសុពភាពរយៈពេល១សប្ដាហ៍បន្ថែមទៀត ខណៈវិធានការទាំងនេះដំបូងឡើយគ្រោងនឹងត្រូវបញ្ចប់នៅថ្ងៃទី៤ ខែមេសានេះ។
គួរបញ្ជាក់ថា ហ្វីលីពីនបច្ចុប្បន្នគឺជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពី ឥណ្ឌូណេស៊ី។ គិតត្រឹម យប់ថ្ងៃសៅរ៍នេះ ហ្វីលីពីនមានអ្នកឆ្លង COVID-19 ចំនួន ៧៨៤,០៤៣នាក់ ក្នុងនោះស្លាប់ ១៣,៤២៣នាក់ និងជាសះស្បើយឡើងវិញ ៦០៤,៩០៥នាក់៕