(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី០៣ ខែមេសានេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន៤,៣៤៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ ១,៥២៧,៥២៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ។
បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេលដូចគ្នា អ្នកជំងឺ ៩១នាក់ក៏បានស្លាប់ផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ៤១,២៤២នាក់ ខណៈ ៥,១៩៧នាក់បានជាសះស្បើយឡើងវិញធ្វើឱ្យអ្នកជាសះស្បើយសរុបកើនដល់ ១,៣៦៦,២១៤នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ន COVID-19 បានឆ្លងរាតត្បាតនៅទូទាំងខេត្តទាំង៣៤របស់ប្រទេសឥណ្ឌូណេស៊ី ហើយគិតត្រឹមថ្ងៃសៅរ៍នេះមានតែខេត្តពីរគត់ ដែលគ្មានករណីឆ្លងថ្មី គឺខេត្តស៊ូឡាវេស៊ីអាគ្នេយ៍ (Southeast Sulawesi) និងខេត្តម៉ាឡាគូ ខាងជើង (North Maluku)៕