(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ចិន និងកូរ៉េខាងត្បូងបានសន្យាថានឹងធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីកិច្ចប្រជុំមួយរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេស ទាំង២ នៅថ្ងៃសៅរ៍ ទី៣ ខែមេសានេះ។
២៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានសម្រេចចិត្តលុបចោលការដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញាកំពូល នៃតុលាការព្រហ្មទណ្ឌអន្តជាតិ ICC កាលពីជំនាន់លោក ដូណាល់ ត្រាំ ខណៈរដ្ឋបាលរបស់លោកកំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទបន្ថែមជាមួយតុលាការអន្តរជាតិ មួយនេះ។
៣៖ ជនសង្ស័យម្នាក់បានបើករថយន្តមួយគ្រឿង សំដៅទៅរកក្រុមប៉ូលិសយាមនៅខាងមុខ ទីធ្លាវិមានសភាអាមេរិក (US Capitol) ហើយបានយកកាំបិតចាក់មន្ត្រីប៉ូលិសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
៤៖ ប្រធានាធិបតីអាហ្សង់ទីន លោក អាល់ប៊ែរតូ ហ្វែរណង់ដែស (Alberto Fernandez) នៅថ្ងៃសៅរ៍នេះបានប្រកាសថាលោកបានធ្វើតេស្ដ «វិជ្ជមាន» COVID-19 ដោយមានរោគសញ្ញាស្រាល។
៥៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានចូលរួមមរណៈទុក្ខចំពោះជនរួមជាតិ ដែលបានបាត់បង់ជីវិតនៅក្នុងករណី រថភ្លើងក្រឡាច់ចេញផ្លូវ ក្នុងផ្លូវរូងក្រោមដីមួយកន្លែងនៅកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រម្សិលមិញ។
៦៖ ក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចការ៉ែន នៅថ្ងៃទី០៣ ខែមេសានេះបានចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាប្រើប្រាស់កម្លាំងជ្រុលហួសហេតុ ដោយបន្តបើកការវាយប្រហារតាមផ្លូវអាកាសដែលបង្ខំឱ្យជនស៊ីវិលច្រើនជាង ១២,០០០នាក់ ក្នុងនោះរួមមានទាំងកុមារក្លាយជាជនភៀសខ្លួន ចាកចោលភូមិ និងផ្ទះសម្បែងរបស់ពួកគេ៕