(វ៉ាស៉ីនតោន)៖ ទិន្នន័យចុងក្រោយបង្អស់របស់ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) បានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លងវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មីចំនួនជាង ១៣,០០០ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មីទាំង ១៣,០៥២ករណីខាងលើនេះមាន ១២,៥០៥ករណី គឺជាវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ B.1.1.7 ដែលត្រូវបានរកឃើញដំបូងបង្អស់ នៅចក្រភពអង់គ្លេស, ៣២៣ករណីគឺជាវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ B.1.351 ដែលត្រូវបានរកឃើញដំបូងបង្អស់នៅប្រទេសអាហ្វ្រិកខាងត្បូង និង ២២៤ករណីទៀតគឺជាវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ P.1 ដែលត្រូវបានរកឃើញដំបូងបង្អស់ នៅប្រទេសប្រេស៊ីល។
លើសពីនេះទៅទៀត វីរុស COVID-19 បំប្លែងខ្លួនថ្មី ប្រភេទ B.1.427 និង B.1.429 គឺជាវីរុសពីរប្រភេទដែលត្រូវបានរកឃើញដំបូងបង្អស់ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក៏កំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយ CDC ផងដែរ។
គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងខ្លួនថ្មីទាំង ០៥ ប្រភេទខាងលើនេះ ត្រូវបានបញ្ជាក់ដោយ CDC នាពេលថ្មីៗនេះថាជា «វីរុសបំប្លែងខ្លួនថ្មី ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង» ខណៈមានភស្តុតាងមួយចំនួនបង្ហាញឱ្យឃើញ ពីការកើនឡើងនៃករណីឆ្លង និងស្លាប់ជាច្រើននៅតាមមន្ទីរពេទ្យ ដោយសារវីរុសនេះ និងការថយចុះនូវប្រសិទ្ធភាពព្យាបាល និងប្រសិទ្ធភាពវ៉ាក់សាំង និងការបរាជ័យនៃការធ្វើតេស្តរកវីរុសនេះផងដែរ៕