(អាហ្សង់ទីន)៖ ប្រធានាធិបតីអាហ្សង់ទីន លោក អាល់ប៊ែរតូ ហ្វែរណង់ដែស (Alberto Fernandez) នៅថ្ងៃសៅរ៍នេះបានប្រកាសថាលោកបានធ្វើតេស្ដ «វិជ្ជមាន» COVID-19 ដោយមានរោគសញ្ញាស្រាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។
នៅក្នុងសារបង្ហោះលើ Twitter លោក អាល់ប៊ែរតូ ដែលឈានចូលវ័យ៦២ឆ្នាំនៅថ្ងៃសុក្រសប្ដាហ៍នេះ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «ខ្ញុំបានឆ្លង COVID-19។ តែខ្ញុំមានសុខភាពល្អធម្មតាដោយមានរោគសញ្ញាស្រាល និងគ្រុនក្ដៅបន្តិចបន្តួចតែប៉ុណ្ណោះ»។ លោក អាល់ប៊ែរតូ បានចាក់វ៉ាក់សាំង COVID-19 Sputnin V កាលពីដើមឆ្នាំ២០២១។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers អាហ្សង់ទីនគិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះមានអ្នកឆ្លង COVID-19 ២,៣៧៣,១៥៣នាក់ ក្នុងនោះស្លាប់ ៥៦,០២៣នាក់ និងជាសះស្បើយឡើងវិញ ២,១២១,៩៥៤នាក់៕