(បរទេស)៖ តំបន់អាមេរិកឡាទីន និងតំបន់ការីបៀន (Caribbean) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឆ្លងកាត់ដំណាក់កាលដ៏អាក្រក់បំផុត ដោយករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងតំបន់បានកើនឡើងលើស ២៥លានករណីហើយ ខណៈការកើនឡើងនៃករណីឆ្លងនេះ បាននាំឱ្យប្រទេសមួយចំនួន ដាក់ចេញនូវវិធានការរឹតត្បឹតលើការធ្វើដំណើរ និងចលនាមួយចំនួន នៅពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងកំពុងចាប់ផ្ដើម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។
របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានបង្ហាញថា តំបន់នេះ បានឈានដល់ដំណាក់កាលដ៏អាក្រក់បំផុត នៃការកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងតំបន់ ២៥,០០១,៥៣៣ករណី ដោយឈរនៅលំដាប់ទី ៣ បន្ទាប់ពីតំបន់អ៊ឺរ៉ុបដែលមានករណីឆ្លងសរុបច្រើនជាង ៤៤.២លានករណី និងសហរដ្ឋអាមេរិក និងកាណាដាច្រើនជាង ៣១.៥លានករណី។
របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានបង្ហាញបន្ថែមថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុបនៅតំបន់អាមេរិកឡាទីន និងតំបន់ការីបៀនក៏បានកើនឡើងដល់ ៧៨៨,០០០នាក់ផងដែរ ដែលឈរនៅលំដាប់ទី ២ បន្ទាប់ពីតំបន់អ៊ឺរ៉ុបដែលមានអ្នកស្លាប់ចំនួន ៩៣៦,០០០នាក់ ដោយសារជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា អត្រានៃការឆ្លងនៅអាមេរិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលទំនងជាត្រូវបានជំរុញដោយវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មី ដែលត្រូវបានគេហៅថា P1 និងត្រូវបានគេរកឃើញដំបូងគេបង្អស់ នៅក្នុងប្រទេសដ៏ធំបំផុតរបស់តំបន់នេះ គឺប្រទេសប្រេស៊ីល ហើយបន្ទាប់មកត្រូវបានរកឃើញ នៅក្នុងប្រទេសជាច្រើនទៀត៕