(វ៉ាស៉ីនតោន)៖ ជនសង្ស័យម្នាក់បានបើករថយន្តមួយគ្រឿង សំដៅទៅរកក្រុមប៉ូលិសយាមនៅខាងមុខ ទីធ្លាវិមានសភាអាមេរិក (US Capitol) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ហើយបានយកកាំបិតចាក់មន្ត្រីប៉ូលិសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។
មេបញ្ជាការស្តីទីនៃកងកម្លាំងប៉ូលិស ប្រចាំនៅវិមានសភាអាមេរិក លោកស្រី យ៉ូហ្គាណាន់ដា ភីតមែន (Yogananda Pittman) បានផ្តល់ព័ត៌មានថា ជនសង្ស័យបានបើករថយន្តមួយគ្រឿង សំដៅទៅរកក្រុមមន្រ្តីរបស់យើង បន្ទាប់មកបានបើកបុកទម្លាយរបាំង និងចុះពីលើរថយន្ត ដោយបានចាក់ពួកគេដោយកាំបិត ដែលកាន់នៅក្នុងដៃ។ លោកស្រី Pittman បានគូសបញ្ជាក់ប្រាប់បន្ថែម អមដោយទឹកភ្នែកថា «វាពិតជារឿងគួរឱ្យសោកស្ដាយខ្លាំងណាស់ ដែលខ្ញុំត្រូវប្រកាសពេលនេះថា មន្រ្តីរបស់យើងម្នាក់បានស្លាប់ ខណៈមន្រ្តីម្នាក់ទៀតបានរងរបួស»។
ក្រោយកើតមានហេតុការណ៍ខាងលើនេះ មន្ត្រីប៉ូលិសនៅវិមានសភាអាមេរិក បានកំណត់អត្តសញ្ញាណមន្ត្រីដែលត្រូវបានគេសម្លាប់នោះ ដែលមានឈ្មោះថា វីលៀម អ៊ីរ៉ានស៍ (William “Billy” Evans) ជាកងកម្លាំងជើងចាស់ ដែលបានបម្រើការងារនេះអស់ ១៨ឆ្នាំមកហើយ។ លោក រ៉ូប៊ឺត ខុនធី (Robert Contee) មេបញ្ជាការ ស្តីទីនៃនាយកដ្ឋានប៉ូលិសទីក្រុងវ៉ាស៊ីនតោន បាននិយាយថា «ការវាយប្រហារនេះ មិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ ប៉ុន្តែជាក់ស្តែងយើងនឹងបន្តស៊ើបអង្កេតបន្ថែមទៀត»៕