(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិននៅថ្ងៃសុក្រសប្ដាហ៍នេះបានសម្រេចចិត្តលុបចោលការដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញាកំពូល នៃតុលាការព្រហ្មទណ្ឌអន្តជាតិ ICC កាលពីជំនាន់លោក ដូណាល់ ត្រាំ ខណៈរដ្ឋបាលរបស់លោកកំពុងស្វែងរកកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទបន្ថែមជាមួយតុលាការអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។
ការប្រកាសពីការលុបចោលទណ្ឌកម្មខាងលើធ្វើឡើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ ក្រៅតែពីការដកទណ្ឌកម្មពីរដ្ឋអាជ្ញា ICC លោកស្រី Fatou Bensouda រដ្ឋបាលលោក បៃដិនក៏បានដកទណ្ឌកម្មចេញផងដែរ ក្នុងនោះរួមមានទាំងការលុបចោលការរឹតត្បិតទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់ ICC ជាច្រើនរូបទៀត។
គួរបញ្ជាក់ថា អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មលើលោកស្រីរដ្ឋអាជ្ញា Bensouda និងមន្ត្រីជាន់ខ្ពស់ជាច្រើន បន្ទាប់ពីលោកស្រីបើកការស៊ើបអង្កេតលើការចោទប្រកាន់ថាកងទ័ពអាមេរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងការស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលសង្ស័យថាប្រព្រឹត្តិឡើងដោយអ៉ីស្រាអែល។
ប៉ុន្តែជំហររបស់រដ្ឋបាលលោក ចូ បៃដិន គឺដូចគ្នាទៅនឹងរដ្ឋបាលលោក ត្រាំ នោះគឺមិនយល់ស្របឡើយចំពោះការស៊ើបអង្កេតលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តដូចជាអ៉ីស្រាអែល៕