(ហាណូយ)៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) បានអនុម័តថវិកាចំនួន ១,២៣៧ពាន់លានដុង (៥៣.៦លានដុល្លារអាមេរិក) ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ខណៈប្រទេសនេះ កំពុងបង្កើនល្បឿនយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលវៀតណាម ត្រូវបានចាត់ឱ្យប្រើប្រាស់ថវិការដ្ឋនេះ ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 តាមរបៀបដែលមានប្រសិទ្ធភាព និងសន្សំសំចៃ។ ការអនុម័តថវិកាខាងលើ កើតមានឡើងចំដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានគោលបំណងធានាបាននូវវ៉ាក់សាំងប្រហែល ១៥០លានដូស ដើម្បីចាក់ជូនដល់ប្រជាជនប្រហែល៧០ភាគរយ នៃចំនួនប្រជាជនសរុបរបស់ខ្លួន នៅត្រឹមឆ្នាំ២០២២ ខាងមុខនេះ។
ប្រទេសវៀតណាម បានទទួលវ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ចំនួន ៨១១,២០០ដូស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលជាវ៉ាក់សាំងបាច់ដំបូង ដែលខ្លួនទទួលបានក្រោមគម្រោងអន្តរជាតិ COVAX ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO)។
យុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសវៀតណាម បានចាប់ផ្តើមកាលពីថ្ងៃទី០៨ ខែមីនា បន្ទាប់ពីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ AstraZeneca ចំនួន ១១៧,៦០០ដូស បានមកដល់ប្រទេសនេះកាលពីខែកុម្ភៈ ហើយរហូតមកដល់ឥឡូវ ប្រជាជនវៀតណាមជាង ៥១,០០០នាក់ហើយ ដែលភាគច្រើនជាបុគ្គលិកជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូង របស់ពួកគេរួចរាល់ហើយ។
គួរបញ្ជាក់ថា ប្រទេសវៀតណាម បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន AstraZeneca ដែលសហការជាមួយសាកលវិទ្យាល័យ Oxford សរុបចំនួន ៣០លានដូស។ ទោះយ៉ាងណា ព័ត៌មានលម្អិតអំពីតម្លៃរបស់វា មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនោះទេ។ ក្រៅពី AstraZeneca វៀតណាមក៏បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរុស្ស៉ី Sputnik V ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់ផងដែរ៕