(រ៉ង់ហ្គូន)៖ របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានចោទប្រកាន់លោកស្រី អោង សាន ស៊ូជី ពីបទល្មើសមួយបន្ថែមទៀតនៅក្រោមច្បាប់ការពារកិច្ចការសម្ងាត់ជាតិ ដែលជាបទចោទប្រកាន់ធ្ងន់ធ្ងរចុងក្រោយបំផុតប្រឆាំងនឹងលោកស្រី គិតមកទល់នឹងពេលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។
ថ្លែងប្រាប់ Reuters មេធាវីរបស់លោកស្រី ស៊ូជីបានឱ្យដឹងថាក្រៅពីលោកស្រី មន្ត្រីជាន់ខ្ពស់បីនាក់ទៀតនៃរដ្ឋាភិបាលជាប់ឆ្នោតដែលត្រូវបានទម្លាក់ពីអំណាច ក៏ត្រូវបានតុលាការរបបយោធាចោទប្រកាន់ថាបានបំពានច្បាប់ការពារកិច្ចការសម្ងាត់ជាតិផងដែរ។ បទចោទនេះអាចឱ្យលោកស្រី ស៊ូជី និងមន្ត្រីជាន់ខ្ពស់ទាំង៣រូប របស់លោកស្រីប្រឈមមុខជាប់ពន្ធនាគារដល់ទៅ ១៤ឆ្នាំឯណោះ។
គួរបញ្ជាក់ថា ក្រោយត្រូវបានទម្លាក់ពីអំណាច និងជាប់ឃុំខ្លួន លោកស្រី ស៊ូជីត្រូវបានរបបយោធាចោទប្រកាន់ពីបទល្មើសជាច្រើន ក្នុងនោះរួមមានបទចោទប្រកាន់ ទទួលសំណូក ៦សែនដុល្លារ, បំពានវិធានការទប់ស្កាត់ COVID-19 និងកាន់កាប់វិទ្យុទាក់ទងខុសច្បាប់៕