(ប៉េកាំង)៖ ក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) នៅថ្ងៃសុក្រនេះបាននិយាយថារោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៣របស់ខ្លួនបានបង្ហាញខ្លួនជាផ្លូវការហើយ និងបានចាប់ផ្ដើមផលិតគ្រឿងផ្សំវ៉ាក់សាំងជាច្រើន ដែលបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំទ្វេដងរហូតដល់ ២ពាន់លានដូស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រុមហ៊ុនផលិតឱសថចិន Sinovac បានគូសបញ្ជាក់ថា រោងចក្រទី៣ដែលស្ថិតនៅទីក្រុងប៉េកាំងបានចាប់ផ្ដើមបណ្ដុះកោសិកាដែលវីរុសកូរ៉ូណា (COVID-19) ត្រូវបានរីកលូតលាស់នឹងត្រូវចំណាយពេលយូរ។ តែ Sinovac មិនបានបញ្ជាក់ថាតើពេលណា ទើបនឹងផលិតវ៉ាក់សាំង ២ពាន់លានដូសនេះនោះទេ។
គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ផលិតឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinovac មានឈ្មោះសម្គាល់ថា CoronaVac ជាង ២០០លានដូស ត្រូវបានគេចែកចាយនៅទូទាំងពិភពលោក ដែលនេះកើនឡើងពីចំនួន ១៦០លានដូសដែលបានប្រកាសកាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ។ បើតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន វ៉ាក់សាំងច្រើនជាង ១០០លានដូសត្រូវបានចាក់នៅទូទាំងពិភពលោក៕