(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci បាននិយាយថាសហរដ្ឋអាមេរិកប្រហែលជាមិនត្រូវការវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ឡើយ បើទោះជាវ៉ាក់សាំងនេះទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់ពីទីភ្នាក់ងារ ចំណីអាហារ និងឱសថអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។
លោក Fauci ដែលជានាយកវិទ្យាស្ថានជាតិអាឡែហ្ស៊ី និងជំងឺឆ្លង ព្រមទាំងជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមានធ្វើការកត់សម្គាល់បែបនេះនៅក្នុង បទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក Fauci បានបញ្ជាក់ថាអាមេរិកប្រហែលជាមិនត្រូវការ
វ៉ាក់សាំង AstraZeneca ទេ ពីព្រោះរដ្ឋបាលលោក ចូ បៃដិនបានចុះកិច្ចព្រមព្រៀងជាច្រើនជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងដទៃ ដែលគ្រប់គ្រាន់ដើម្បី ចាក់ជូនប្រជាជនអាមេរិកគ្រប់គ្នា។ «យើងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជាច្រើន ដែលអាចឱ្យយើងមានវ៉ាកសាំងគ្រប់គ្រាន់សម្រាប់បំពេញ តម្រូវការចាំបាច់ បើទោះជាគ្មាន AstraZeneca ក៏ដោយ»។ នេះជាការបន្ថែមរបស់លោក Fauci។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្ន មានវ៉ាក់សាំង COVID-19 នៅក្នុងដៃជាច្រើនសុទ្ធតែជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក ក្នុងនោះរួមមាន
វ៉ាក់សាំងរបស់ក្រុមហ៊ុន J&J, Moderna និងក្រុមហ៊ុន Pfizer ជាដើម៕